ក្រសួងបរិស្ថានពង្រឹងការអនុវត្តច្បាប់បរិស្ថានជាមួយការពង្រឹងសមត្ថភាពមន្រ្តីជំនាញសវនកម្មផ្ទៃក្នុង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» ដែលបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងបរិស្ថាន នៅទិស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ បានមានប្រសាសន៍មន្រ្តីជំនាញចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជាពិសេសក្រមបរិស្ថាន ដែលបានដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលគាំទ្រដល់ការអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្កីក្រសួងបរិស្ថាន ត្រូវចូលរួមប្រឹងប្រែងអនុវត្តន៍ការងារ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតលើមុំ៣សំខាន់គឺស្អាត បៃតង និងចីរភាព។ ហើយឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់កម្ពុជា នឹងទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅបង្កើនគម្របព្រៃឱ្យបានច្រើន និងសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
«មន្រ្តីបរិស្ថានត្រូវមានភាពស្អាត ដូចមានចែងក្នុងយុទ្ធសាស្រ្តចក្រា ដែលយកច្បាប់ ទៅប្រើប្រាស់ក្នុង បុព្វហេតុការពារបរិស្ថាននិងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនឹងសង្គម» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម ដោយជំរុញឱ្យមន្រ្តីប្រើប្រាស់ ក្រមបរិស្ថាននិងធនធានធម្មជាតិជាគោល ក្នុងការបំពេញភារកិច្ច។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ខ្ញុំបានវាយតម្លៃខ្ពស់ចំពោះ «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» ដែលជួយដល់មន្រ្តីបរិស្ថាន យល់ច្បាស់បន្ថែមពីក្របខណ្ឌច្បាប់ និងក្របខណ្ឌជំនាញរបស់សវនកម្មផ្ទៃក្នុង ដើម្បីយកទៅបំរើការងារប្រចាំថ្ងៃដល់អង្គភាព ប្រកបដោយប្រសិទ្ធភាព ពង្រឹងកសាងសមត្ថភាព និងស្វែងយល់កាន់តែច្បាស់ពីការគ្រប់គ្រងផ្ទៃក្នុង ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានរំលឹកពីវិធានតឹងរឹងទាំង៤ របស់ក្រសួងបរិស្ថាន ដែលតម្រូវឱ្យមន្រ្តីជំនាញពង្រឹងការអនុវត្តច្បាប់ ប្រឆាំងបទល្មើស ទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនិងបរិស្ថាន ឆ្ពោះទៅសុក្រឹតកម្មបរិស្ថានកិច្ច រួមមាន៖
១).អនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
២).សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ព្រមទាំផ្តល់ការលើកទឹកចិត្តនិងគាំទ្រសម្ភា បច្ចេកទេស ចូជាផ្តល់ដ្រូន ផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណប ដែលអាចជួយឱ្យមន្រ្តីនិងកងម្លាំងមានសមត្ថកិច្ច មានលទ្ធភាពទប់ស្កាត់ បង្រ្កាប ទាន់ពេលវេលានូវបទល្មើសនានាកើតមាននៅតាមភូមិសាស្រ្តរបស់ខ្លួន ជាមួយគ្នានេះ ក្រួងមានមេធាវិ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានចូលរួមជួយដល់ការអនុវត្តច្បាប់បន្ថែមទៀតដល់មន្រ្តីមានសមត្ថកិច្ចក្នុងបុព្វហេតុការពារធនធានធម្មជាតិនិងបរិស្ថាន។
៣).សហការជាមួយកងយោធពលខេមរភូមិន្ទ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន។
៤).ជំរុញការដាំដើមឈើឲ្យច្រើន ដើម្បីបង្កើនគម្របព្រៃ ជាពិសេសជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព ឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព ៕