កម្ពុជា-អាមេរិក ពិភាក្សាអំពីមធ្យោបាយក្នុងការកសាងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្តរជាតិ និងជាទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានជួបពិភាក្សាការងារជាមួយលោកជំទាវ Laura Updegrove ឧបការីរងរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ភាគីទាំងពីរបានសាទរចំពោះទំនាក់ទំនង និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ដែលលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងកម្ពុជា រួមទាំងក្នុងវិស័យការអភិវឌ្ឍ សន្តិសុខ និងការពារជាតិ។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីមធ្យោបាយក្នុងការកសាងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ក្នុងខណៈដែលកម្ពុជាមានតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក៕