នាយករដ្ឋមន្ត្រី បញ្ជាឲ្យគ្រប់គ្រងឲ្យបានការប្រើប្រាស់ផ្លាកលេខឡាន ខ.ម ចាប់ពីពេលនេះទៅ ប្រើប្រាស់ឲ្យចំគោលដៅ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យគ្រប់គ្រងឲ្យបាន នូវការប្រើប្រាស់ផ្លាកលេខឡាន ខ.ម ចាប់ពីពេលនេះទៅ ប្រើប្រាស់ឲ្យចំគោលដៅ ហើយអ្នកប្រើប្រាស់លេខឡាន ខ.ម គឺមានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ។
សម្តេចធិបតី បានលើកឡើងថា អ្នកខ្លះមិនមែនជានាយទាហានជាន់ខ្ពស់ ប៉ុន្ដែប្រើផ្លាកលេខឡាន ខ.ម និងមានការបើកបរសាហាវ ដែលធ្វើឲ្យខូចឈ្មោះ ដល់អ្នកពិតប្រាកដ ក្នុងការអាចប្រើផ្លាកលេខឡាន ខ.ម បាន។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ក៏បានប្រាប់ឲ្យយកចិត្ដទុកដាក់ គ្រប់គ្រងទៅលើកិច្ចការងារ ប្រើផ្លាកលេខឡាន ខ.ម នេះ ហើយការគ្រប់គ្រងអាវុធគ្រាប់ នៅតាមបណ្ដាអង្គភាព ក៏ត្រូវយកចិត្ដទុកដាក់ពង្រឹង ហើយចំពោះឃ្លាំងអាវុធគ្រាប់ ត្រូវរៀបចំសន្ដិសុខ ឲ្យបានល្អផងដែរ៕