ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យសមាគមជប៉ុន-កម្ពុជា និងវិស័យឯកជន ចូលជួបពិភាក្សាការងារ និងស្នើសុំអនុសាសន៍ណែនាំលើគំរោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc. និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្នើសុំអនុសាសន៍ណែនាំលើគំរោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុក តាមតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន TBS Holdings Inc. ដែលជាក្រុមហ៊ុនមានបណ្តាញទូរទស្សន៍ជាង២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង១០លាននាក់នៅប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជប៉ុនឱ្យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុន ក៏ដូចជាអន្តរជាតិដទៃទៀតមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន រួមទាំងគំរោងរៀបចំវេទិកាជំនួបធុរកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា និងការបង្កើនជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកប្រទេសកម្ពុជាបន្ថែមទៀត៕