រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសជាផ្លូវការ «ក្រុងកំពង់ចាម ជាក្រុងទេសចរណ៍គ្មានផ្សែងបារី»
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសជាផ្លូវការ «ក្រុងកំពង់ចាម ជាក្រុងទេសចរណ៍គ្មានផ្សែងបារី»។ ពិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី Marianna TRIAS ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។
ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា ថ្វីដ្បិតវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមមិនស្ថិតក្នុងតំបន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជា រាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសានក៏ដោយ ប៉ុន្តែដោយសារកត្តាសុខសន្តិភាព ស្ថិរភាពសង្គម កំណើនលើវិស័យទេសចរណ៍នៅកម្ពុជាមានការប្រែប្រួលរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសខេត្តកំពង់ចាមក៏ទទួលបានផ្លែផ្កាពីកំណើនទេសចរណ៍នេះផងដែរ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ខេត្តទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៦លាននាក់ (ចំនួន ៥,៥៩១,១៦៦នាក់) ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥,៥៨៤,៤៩៤នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦,៦៧២នាក់។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តកំពង់ចាមបានខិតខំទាញយកសក្តានុពលដែលមាន តាមរយៈការបង្កើតរមណីយដ្ឋានអេកូទេចរណ៍នៅកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ដែលធ្វើឱ្យមានរមណីយដ្ឋានរហូតដល់១១កន្លែងក្នុងទូទាំងខេត្ត។ ក្នុងនោះរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្តមានចំនួន៥កន្លែង និងរមណីយដ្ឋានធម្មជាតិកែច្នៃមានចំនួន៦កន្លែង។ បន្ថែមពីនេះ ខេត្តបានជំរុញឱ្យមន្ទីរបានធ្វើការផ្សព្វផ្សាយជាប្រចាំដល់បណ្ដាមូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើអនាម័យ សេវាល្អ បរិស្ថានគ្មានផ្សែងបារីផងដែរពីសំណាក់ប្រតិបត្តិករទេសចរណ៍ (វិស័យឯកជន) ដើម្បីបម្រើបាននូវតម្រូវការ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាម្ដងហើយម្ដងទៀត ក្នុងទឹកដីនៃខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីធានាបាននិរន្តរភាពទីក្រុងទេសចរណ៍គ្មានផ្សែងបារី សម្រាប់រដ្ឋបាលក្រុងកំពង់ចាម ដែលមានដូចតទៅ៖
ទី១៖ បន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ឲ្យស័ក្តិសមជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។
ទី២៖ លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ជាប្រចាំនៅតាមវេទិកា និងជំរុញឲ្យមានការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការត្រួតពិនិត្យថ្នាំជក់ឲ្យបានទូលំទូលាយថែមទៀត។
ទី៣៖ បន្តប្រតិបត្តិជាក្រុងគំរូ ដើម្បីលើកកម្ពស់គុណតម្លៃនៃវិស័យទេសចរណ៍ និងជាគោលដៅទេសចរណ៍ជម្រើសពេញនិយមរបស់ភ្ញៀវទេសចរ ៕