ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរជា ពាណិជ្ជករ និងអ្នកវិនិយោគ នៅនូវ៉ែលហ្សេឡង់
ភ្នំពេញ៖ នារសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤, ឆ្លៀតឱកាសក្នុងដំណើរបំពេញ បេសកកម្ម មកប្រទេសនូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរ ដែលជាពាណិជ្ជករ និងអ្នកវិនិយោគ ដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ។
ក្នុងជំនួបនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំអោយបងប្អូនចែករំលែកបទពិសោធន៍អាជីវកម្ម និងបង្ហាញអំពីបញ្ហាប្រឈមផ្សេងៗ ដែលបងប្អូនយើងកំពុងជួបប្រទៈក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។
យកឱកាសនោះ, ឯកឧត្តមបណ្ឌិត បានជម្រាបដល់បងប្អូនខ្មែរដែលជាពាណិជ្ជករ និងអ្នកវិនិយោគ អំពី ភាពរីកចំរើន ,ការរក្សាបានសុខសន្តិភាព ,ស្ថិរភាពនយោបាយ,ស្ថិរភាពម៉ក្រូសេដ្ឋកិច្ចការរក្សាបាននូវកំណើនសេដ្ឋកិច្ច តាមឆ្នាំជាបន្តបន្ទាប់ និងអំពីសក្តានុពលទីផ្សារ នៅកម្ពុជា ផងដែរ។
ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានអញ្ជើញ និងចង់ឃើញ បងប្អូនពាណិជ្ជករ ខ្មែរ នៅនូវ៉ែលហ្សេឡង់ ទៅ ធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារដល់បងប្អូនខ្មែរ និងជំរុញសេដ្ឋកិច្ចកម្ពុជា អោយមានកំណើនបន្ថែមទៀត ៕