លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័ន ACT
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយប្រតិភូនៃស្ថាប័ន ACT (Action, Collaboration, Transformation) ដែលដឹកនាំដោយលោកស្រី Mira Neumaier នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចពិភាក្សាទ្វេភាគីនេះផ្តោតសំខាន់លើការចែករំលែកនូវវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងលទ្ធផលការងារនៃការប្តេជ្ញាចិត្តរបស់បណ្តាម្ចាស់ម៉ាកនិងអ្នកបញ្ជាទិញអន្តរជាតិនិងសហជីពអន្តរជាតិ IndustriAll នៅក្នុងការចូលរួមអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបកម្ពុជា តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារស្របតាមបទដ្ឋានអន្តរជាតិខាងការងារនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ក្រសួងនិងACT ប្តេជ្ញាបង្កើនកិច្ចសហការដើម្បីធានានូវនិរន្តរភាពនៃការបញ្ជាទិញពីបណ្តាម្ចាស់ម៉ាកជាដៃគូរបស់ ACT សំដៅសម្រេចឲ្យបាននូវការងារសមរម្យសម្រាប់ប្រជាជនកម្ពុជាប្រកបដោយបរិយាបន្ន៕