ក្រសួងអប់រំ និង JDS ចុះហត្ថលេខាលើកំណត់ហេតុការស្ទង់មតិ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា សម្រាប់កម្មវិធីអាហារូបករណ៍ ទៅសិក្សានៅជប៉ុន
ភ្នំពេញ៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា មានការរៀបចំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសម្រាប់កម្មវិធីអាហារូបករណ៍ JDS ស្តីពីសេចក្តីព្រាងចុងក្រោយដើម្បីអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុការស្ទង់មតិគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កម្មវិធីអាហារូបករណ៍ JDS ទៅសិក្សានៅប្រទេសជប៉ុន អាណត្តិទី៥ ឆ្នាំ២០២៥-២០២៨ក្រោមអធិបតីភាព ឯកឧត្ដម ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោកស្រី មីអ៊ូរ៉ា យូស៊ីកូ សហប្រធានគណៈកម្មការប្រតិបត្តិ កម្មវិធី JDS និងជាតំណាងជាន់ខ្ពស់ JICA ប្រចាំនៅកម្ពុជា។
កិច្ចប្រជុំ OC ស្តីពីកម្មវិធីអាហារូបករណ៍ JDS នាពេលនេះ នឹងធ្វើការពិភាក្សាពីការរៀបចំទម្រង់អាហារូបករណ៍ លក្ខខណ្ឌអាហារូបករណ៍ សកម្មភាពជ្រើសរើស ការដាក់ពាក្យ និងនីតិវិធីផ្សេងៗ ។ល។ នៃកម្មវិធីអាហារូបករណ៍អាណត្តិថ្មីនេះ។ ដំណើរការ នៃការជ្រើរើសនិស្សិតផ្តល់អាហារូបករណ៍ JDS នឹងប្រព្រឹត្តទៅបន្ទាប់ពីកិច្ចប្រជុំនេះ។
ឯកឧត្ដមរដ្ឋលេខាធិការ បានសម្តែងនូវអំណរគុណ និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រដល់កម្ពុជា ជាពិសេសគឺការអភិវឌ្ឍធនធានមនុស្សជាមន្ត្រីរាជការកម្ពុជា៕