ឯកឧត្តម អឿង ចន្ថា អញ្ជើញបើកសិក្ខាសាលាវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពីការប្រើប្រាស់គំរូម៉ូដែលទឹកជំនន់ និងការព្យាករផ្អែកលើផលប៉ះពាល់
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពីការប្រើប្រាស់គំរូម៉ូដែលទឹកជំនន់ និងការព្យាករផ្អែកលើផលប៉ះពាល់សម្រាប់គម្រោង «ការពង្រឹងការគ្រប់គ្រងធនធានទឹកចម្រុះ និងភាពធន់ទៅនឹងអាកាសធាតុនៅក្នុងតំបន់ទីក្រុងដែលងាយរងគ្រោះនៃអាងទន្លេមេគង្គ» ក្រោមមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ដែលអនុវត្តគម្រោងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP)។
សូមជម្រាបថា សិក្ខាសាលាវគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្រ្តីជំនាញបច្ចេកទេសនៃនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្រ្តនិងការងារទន្លេនៃក្រសួងធនធានទឹកនិងឧតុនិយម អ្នកគ្រប់គ្រងគម្រោង មន្រ្តីគម្រោង និងទីប្រឹក្សាអន្តរជាតិរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងក្រុមប្រឹក្សាទឹកអាស៊ី(AWC) ព្រមទាំងលោក លោកស្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងរួមនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនជំនាញរបស់អ្នកចូលរួមក្នុងការអនុវត្តការប្រើប្រាស់គំរូម៉ូដែលទឹកជំនន់ដែលបានអភិវឌ្ឍន៍ និងការបកស្រាយលទ្ធផល ក៏ដូចជាទទួលបានការយល់ដឹងកាន់តែច្បាស់អំពីការអភិវឌ្ឍគំរូម៉ូដែលទឹកជំនន់ និងដំណើរការផ្ទៀងផ្ទាត់របស់វា។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា លទ្ធផលដែលវគ្គបណ្តុះបណ្តាលនេះទទួលបានរួមមាន ទី១)បានឆ្លើយតបទៅនឹងមតិយោបល់ និងសំណើពីមន្រ្តីជំនាញបច្ចេកទេសក្រសួងក្រសួងធនធានទឹកនិងឧតុនិយម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើកទី១ ហើយបាននិងកំពុងព្យាយាមប្រើប្រាស់គំរូម៉ូដែលកន្លងមក ទី២)អ្នកចូលរួមទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការរៀបចំទិន្នន័យ ការវិភាគគំរូម៉ូដែល និងការបកស្រាយលទ្ធផល និងទី៣)ជួយពង្រឹងសមត្ថភាពមន្រ្តីជំនាញបច្ចេកទេសក្រសួងក្រសួងធនធានទឹកនិងឧតុនិយមក្នុងការពង្រឹងការគ្រប់គ្រងធនធានទឹកចម្រុះ ការគ្រប់គ្រងអាងស្ទឹងទន្លេ និងការគ្រប់គ្រងធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកផងដែរ។
សូមបញ្ជាក់ថា គម្រោងការពង្រឹងការគ្រប់គ្រងធនធានទឹកចម្រុះ និងភាពធន់ទៅនឹងអាកាសធាតុនៅក្នុងតំបន់ទីក្រុងដែលងាយរងគ្រោះនៃអាងទន្លេមេគង្គ មានគោលបំណងដើម្បីពង្រឹងភាពធន់ទៅនឹងអាកាសធាតុ និងគ្រោះមហន្តរាយរបស់ប្រជាជន និងសហគមន៍នៅក្នុងតំបន់ទីក្រុងដែលងាយរងគ្រោះស្ថិតក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការវាយតម្លៃហានិភ័យ ភាពងាយរងគ្រោះ និងវិធីសាស្រ្តនៃការគ្រប់គ្រងធនធានទឹកចម្រុះ ៕