ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ជាតិទទួលបន្ទុកការអនុវត្តគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីគ្រប់ដៃគូអភិវឌ្ឍន៍ និងពីថវិកាជាតិ និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
សូមជម្រាបថា គម្រោងរំដោះទឹក និងពង្វាងទឹកនេះ មានការស្តារប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ និងមានការសាងសង់ស្ថានីយបូមទឹក ដើម្បីជាយុទ្ធសាស្ត្រក្នុងការរំដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ធានាបាននូវសុវត្ថិភាព និងសន្តិសុខទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដល់រាជធានីភ្នំពេញ និងតំបន់ពាក់ព័ន្ធផ្សេងទៀត។
គម្រោងខាងលើនេះក៏នឹងជួយជំរុញកំណើនវិស័យអេកូទេសចរណ៍ ជាផ្លូវគមនាគមន៍ដ៏សំខាន់ និងជួយដោះស្រាយបញ្ហាកង្វះខាតទឹកក្នុងរដូវប្រាំងសម្រាប់គ្រប់វិស័យក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅតំបន់៖ ទី១).ចាប់ពីប្រឡាយអូរខ្សាច់រហូតដល់ប្រឡាយមេរលាំងជ្រៃខាងជើង, ទី២).ប្រឡាយមេរលាំងជ្រៃខាងត្បូង, ទី៣).ស្ទឹងតូចចាប់ពីខេត្តកំពង់ស្ពឺដល់ខេត្តកណ្តាល និងទី៤).ប្រឡាយ៧៨។
សូមបញ្ជាក់ថា នៅក្នុងរដូវវស្សាបរិមាណទឹកភ្លៀងដ៏ច្រើនបានហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោតធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោតកើនឡើងរហូតដល់ប្រមាណ ១៧០០ម៉ែត្រគូបក្នុងមួយវិនាទី ក្នុងពេលដែលសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លាផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី រួមផ្សំកម្ពស់ទឹកនៅតាមទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញ ជាហេតុធ្វើឱ្យមានការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងផ្នែកខ្លះនៃក្រុងតាខ្មៅ ខេត្តកណ្តាល ៕