សម្តេចធិបតី៖ ការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា បានផ្សារភ្ជាប់ទៅនឹងសុខសន្តិភាព និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វឌ្ឍនភាពការងារយុវជន បានផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍកាកបាទក្រហមកម្ពុជា ហើយការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា ក៏បានផ្សារភ្ជាប់ទៅនឹងសុខសន្តិភាព និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ។
ក្នុងឱកាសអញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សង្គ្រាម និងការបែកបាក់របស់សមាគមជាតិទៅជាក្រុម បានធ្វើឱ្យអាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិ ត្រូវបានព្យួរទុកឱ្យនៅទំនេរតាំងពីឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៤។
សម្តេចធិបតី បានបន្តថា កាកបាទក្រហមកម្ពុជានៅក្នុងប្រទេស ដែលមានបុព្វការីជន នៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ បានចាប់ផ្តើមប្រតិបត្តិការមនុស្សធម៌ឡើងវិញក្នុងស្ថានភាព សង្គម សេដ្ឋកិច្ចមួយដ៏សែនលំបាកបំផុត ដើម្បីជួយប្រជាជនកម្ពុជារួចរស់ពីរបប ប៉ុល ពត ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់បំផុត ព្រមទាំងបានតស៊ូអភិវឌ្ឍន៍ខ្លួនរហូតសម្រេចបានមកវិញនូវឋានៈស្របច្បាប់ជាសមាគមជាតិមានតែមួយគត់នៅក្នុងប្រទេសឡើងវិញ យកចិត្តទុកដាក់បំពេញតួនាទីទៅតាមច្បាប់ជាតិ/ច្បាប់អន្តរជាតិ ថាជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ បានផ្ដល់ដល់កាកបាទក្រហកម្ពុជានូវបរិយាកាសដ៏ល្អប្រសើរក្នុងការអភិវឌ្ឍស្ថាប័នឱ្យបាន រឹងមាំជាជំហានៗ ចាកចេញពីការពឹងផ្អែកលើជំនួយពីអន្តរជាតិ សមាគមជាតិមួយ ដែលមានភាពចាស់ និងម្ចាស់ការបានស្ទើរតែទាំងស្រុងខាងធនធានហិរញ្ញវត្ថុ និងអាចមានឱកាសបានចូលរួមជួយ ដល់សមាគមជាតិមួយចំនួន ដែលរងគ្រោះដោយមហន្តរាយធម្មជាតិផងដែរ ៕