សម្តេចធិបតី មិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ តែសម្តេចគិតគូរសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសដែល អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ក្នុងឋានៈសម្ដេចជានាយករដ្ឋមន្ត្រី សម្តេចបានមិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ តែកិច្ចការដែលសម្តេចនាយករដ្ឋមន្ត្រីត្រូវយកចិត្តទុកដាក់ចាំបាច់នោះ គឺការគិតគូរនិងសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
សម្តេចធិបតី បន្តថា អ្នកវាយប្រហារសម្ដេច វាយប្រហាររាជរដ្ឋាភិបាលមានមិនតិចទេ មានទាំងអ្នកវាយប្រហារកាកបាទក្រហមទៅទៀត គេរិះគន់ថាស្ថាប័ននេះមិនអព្យាក្រឹតបែបនេះបែបនោះ។ អ្នកថាឱ្យគេថាតែខ្លួនគេចុះ តែយើងអ្នកធ្វើត្រូវគិតត្រូវធ្វើនូវសកម្មភាពរបស់យើង ផ្ដោតទៅលើគោលដៅធំរបស់យើងជាអ្វី ដើម្បីជួយប្រជាជនដែលលំបាក។
សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រទេសជាតិ និងប្រជាពលរដ្ឋ គឺជាអ្នកដែលប្រមុខរាជរដ្ឋាភិបាលត្រូវចំណាយពេលគិតគូរដល់ពួកគាត់ តើយើងត្រូវដាក់ទិសដៅណាខ្លះដើម្បីជួយពួកគាត់ ពោលគឺមិនមែនចាប់អារម្មណ៍នឹងអ្នកដែលជេរ អ្នកវាយប្រហារនោះឡើយ៕