អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធការផ្សាយព័ត៌មានមិនពិត ដោយក្រុមជ្រុលនិយមក្រៅប្រទេសដែលថា នាយឧត្តមសេនីយ៍ ស ថេត រំលោភដីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង
ភ្នំពេញ៖ ថ្មីៗនេះ គណនីតិកតុកមួយឈ្មោះ សំ សុខា បានបង្ហោះវីដេអូដោយចោទប្រកាន់មកលើ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធនឹងការរំលោភដីប្រជាពលរដ្ឋស្ថិតនៅភូមិអូរដំបង២ ឃុំអូរដំបង២ ខេត្តបាត់ដំបង អំឡុងពេលបំពេញតួនាទីជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្នុងវីដេអូសកម្មភាពនេះ ឈ្មោះ សំ សុខា ក៏បានចោទប្រកាន់ទៅលើលោក សាត គឹមសាន អតីតស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតំណាងអយ្យការអមសាលាដំបូងខេត្ត ដែលបានសហការគ្នាជាប្រព័ន្ធក្នុងការទាមទារប្រាក់ពីប្រជាពលរដ្ឋ និងចោទប្រកាន់ប្តីជាប់ទោសជំនួសប្រពន្ធថែមទៀតផង។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សាយព័ត៌មានមិនពិត ដែលបានចោទប្រកាន់ទាំងកំរោលដោយគ្មានភស្តុតាង មកលើថ្នាក់ដឹកនាំ ដែលជានិច្ចកាល ជាកងកម្លាំងស្មោះត្រង់ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមនិងសន្តិភាពប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានដាក់បទបញ្ជាដល់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវករណីជាបន្ទាន់ និងកសាងសំណុំរឿងបុគ្គលខាងលើ ចាត់ការតាមនីតិវិធី ក្នុងករណីចាំបាច់។
ម្យ៉ាងវិញទៀតបុគ្គលឈ្មោះ សំ សុខា តែងតែបង្ហោះវីដេអូប្រមាថ ចោទប្រកាន់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នរាជរដ្ឋាភិបាល ក្នុងចេតនាបំភ្លៃការពិត និងញុះញង់បំបែកបំបាក់ផ្ទៃក្នុងរាជរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរ បុគ្គលនេះ ក៏ធ្លាប់ត្រូវបានជាប់ពន្ធនាគារពាក់ព័ន្ធនឹងការប្រមាថ និងញុះញង់ឲ្យមានការរើសអើង កន្លងមកផងដែរ៕