ព្រះមហាក្សត្រ ប្រទានសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានសារលិខិតជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ ។
ក្នុងឱកាសដំនក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមសម្តែងនូវការកោត សរសើរជាទីបំផុត ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រ របស់ សម្តេចមហាបវរ ធិបតី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត និងបញ្ញាញាណ ប្រកបដោយគតិ បណ្ឌិត ទេពកោសល្យខ្ពស់ ឆន្ទៈដ៏មុតមាំ ម៉ឺងម៉ាត់ និងឈ្លាសវៃ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍជាតិមានភាពរីកចម្រើន និងមានស្វាមីភក្តិ ចំពោះរាជបល្ល័ង្ក ព្រមទាំងកិត្តិសព្ទល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហា ជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាប្រយោជន៍ជូនប្រជាជាតិ និង ប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ។
សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ ។