ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយរ៉ាដាបន្ថែម ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយរ៉ាដាថ្មី នៅភូមិសាស្ត្រតំបន់ភ្នំប្រសិទ្ធិ៍ ក្រុងឧដ្ដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យជាក់ស្តែងនាពេលនេះគឺក្នុងគោលបំណងរកទីតាំងសមស្របមួយសម្រាប់ដំឡើងស្ថានីយរ៉ាដាថ្មីបន្ថែម ដែលនឹងជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real_time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ដើម្បីជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើលើគ្រប់វិស័យដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ដែលជាការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់នាយកដ្ឋានជំនាញក្រសួងឱ្យធ្វើការសិក្សាបន្ថែមទៀតទៅលើលក្ខណៈបច្ចេកទេសនៅទីតាំងនេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពប្រាកដថា ទីតាំងនេះមានសក្តានុពលគ្រប់គ្រាន់សម្រាប់ការសាងសង់ស្ថានីយរ៉ាដា ដែលបម្រើឱ្យការព្យាករកាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ៕