ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើសារគោរពជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ។
ខ្ញុំសូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃពិធីចម្រើនជន្មាយុ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សូមសម្តេចធិបតីនាយករដ្ឋមន្ត្រី មានសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពរីកចម្រើនថ្កុំថ្កើន រុងរឿងជារៀងរហូត។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងនូវការគោរពដឹងគុណយ៉ាងក្រៃលែង ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ក្នុងការពុះពាររាល់ឧបសគ្គ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ និងការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងទទួលបាននូវកិត្តិសព្ទល្បីល្បាញទាំងក្នុងតំបន់ និងពិភពលោក។
ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ ៕