សម្ដេចធិបតី៖ ថ្ងៃនេះក្បាច់គុនល្បុក្កតោរបស់ខ្មែរកំពុងមានវត្តមាននៅទីក្រុងហឺណាន ប្រទេសចិន ដែលកំពុងបង្ហាញពីគុនខ្មែរនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះក្បាច់គុនល្បុក្កតោរបស់ខ្មែរកំពុងមានវត្តមាននៅទីក្រុងហឺណាន ប្រទេសចិន ដែលកំពុងបង្ហាញពីគុនខ្មែរនៅលើឆាកអន្តរជាតិ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីវប្បធម៌ ប្រពៃណីខ្មែរកំពុងមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។
ក្នុងឱកាសអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យគុនខ្មែរបន្តរួបរួមគ្នាចងក្រងគុនខ្មែរទុកឱ្យកូនចៅជំនាន់ក្រោយ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យបន្តរួមគ្នាជំរុញផ្សព្វផ្សាយគុនខ្មែរនេះឱ្យបានទូលំទូលាយឱ្យបានច្រើនថែមទៀត ក្នុងនោះសម្ដេចក៏បានកោតសរសើរ និងគាំទ្រចំពោះពលរដ្ឋខ្មែរដែលបានបង្កើតក្លឹបកីឡាគុនខ្មែរនៅឯប្រទេសអាមេរិកផងដែរ ៕