ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៨របស់ធនាគារពិភពលោក
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៨របស់ធនាគារពិភពលោក ដែលមានការអញ្ជើញចូលរួមពីលោក Benjamin Burkhart ប្រធានក្រុមការងារធនាគារពិភពលោក លោក Janes Ginting នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកនៅកម្ពុជាតំណាងស្ថានទូតអូស្រ្តាលី ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារនៃធនាគារពិភពលោក ក្រុមការងារនៃអង្គការទស្សនៈពិភពលោក និងមានការចូលរួមពីអ្នកពាក់ព័ន្ធសរុបចំនួន ៤០រូប ស្រី ១០រូប នៅសាលប្រជុំក្រសួងមហាផ្ទៃ។
បេសកកម្មនេះ មានគោលបំណងពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម ស្វែងរកដំណោះស្រាយ ដាក់ចេញជាវិធានការចាំបាច់ និងសកម្មភាពជាអាទិភាពនានាដែលត្រូវបន្តអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប. រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការទស្សនៈពិភពលោក សំដៅជំរុញ និងពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តម ចាន់ សុធា បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំថា ប្រសិទ្ធភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពល្អប្រសើរនៃការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋ សហគមន៍មូលដ្ឋានជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវាសាធារណៈនានា ព្រមទាំងបង្ហាញពីការកើនឡើងនូវការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសិទ្ធិ និងសារៈសំខាន់នៃការចូលរួមរបស់ខ្លួនក្នុងដំណើរការផ្តល់សេវាសាធារណៈ ការយល់ដឹងអំពីតួនាទី ភារកិច្ច កាតព្វកិច្ច និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវាសាធារណៈនានា និងបង្ហាញអំពីការប្រឹងប្រែងយកចិត្តទុកដាក់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធនានាក្នុងការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។
បច្ចុប្បន្ននេះ ដោយមានការប្តេជ្ញាចិត្តខ្ពស់ពីរាជរដ្ឋាភិបាល និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដែលមានធនាគារពិភពលោកជាស្ថាប័នគ្រប់គ្រងមូលនិធិបរធនបាលកិច្ច រហូតមកដល់ពេលនេះការអនុវត្តការងារគណនេយ្យសង្គមកំពុងគ្របដណ្តប់លើឃុំ សង្កាត់ចំនួន១,៥៤៥ សាលាបឋមសិក្សា៦,៨២២ និងមណ្ឌលសុខភាព១,២៣៦ នៅក្នុងក្រុង ស្រុក ខណ្ឌ១៨៩នៃរាជធានី ខេត្តទាំង២៥ ក្នុងនោះសម្រេចបានកិច្ចការជាច្រើនដែលជាវឌ្ឍនភាពដ៏ល្អនៃការអនុវត្តការងារគណនេយ្យភាពសង្គម ៕