៩ខែ ក្រុមការងារហ្វេសប៊ុកសម្ដេច ស ខេង និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានដោះស្រាយ និងឆ្លើយតបម្ចាស់គណនី ២៧៤គណនី
ភ្នំពេញ៖ រយៈពេល ៩ខែ ឆ្នាំ២០២៤ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ២៧៤គណនី និង ១២៤គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា «ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ៥៨២គណនី ដែលក្នុងនោះ មតិយោបល់របស់ប្រជាពលរដ្ឋ ចំនួន ១៨៤គណនី បានលើកឡើងជាធាតុចូល ជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញផ្សេងៗដើម្បីជ្រាប ក៏ដូចជាការកែលំអរក្នុងការងារប្រចាំថ្ងៃក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ។ ទន្ទឹមនឹងនេះដែរ ក្រុមការងារ ក៏បានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី ចំនួន ២៧៤គណនី និង ១២៤គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ»។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្ត និងសូមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក ខិតខំប្រឹងប្រែង និងការសហការគ្នាបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិ ឱ្យបានកាន់តែល្អប្រសើ ។ ជាមួយគ្នានេះ ឯកឧត្ដមអភិសន្តិបណ្ឌិតក៏សុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ។
ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានថ្លែងអំណរគុណជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់ឯកឧត្ដម និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ៕