កាកបាទក្រហមកម្ពុជា ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ នៅខេត្តកំពង់ចាម ដោយមានអ្នកចូលរួមប្រមាណជិត ៥០០នាក់
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាជន» ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត, ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម។
ពិធីនេះ មានការអញ្ជើញចូលរួមពី មន្ត្រីទីស្នាក់ការកណ្តាល, គណៈកម្មាធិការសាខាខេត្ត/ អនុសាខាក្រុង/ស្រុក និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត/ក្រុង/ស្រុក និងសង្កាត់/ឃុំ, អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, យុវជន សសយក, យុវជនកាយរឹទ្ធជាតិកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៤៧៩នាក់។
ការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាថ្ងៃនេះ មានគោលបំណងសំខាន់សម្រាប់ គឺ៖
ទី១៖ សម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ដែលបានចូលរួមជាមួយសម្តេចតេជោ ក្នុងការយកជីវិតធ្វើជាដើមទុនរំដោះប្រទេស និងប្រជាជនពីរបស់ប្រល័យពូជសាសន៍និងបន្តកសាង និងអភិវឌ្ឍប្រទេស ព្រមទាំងការពារយ៉ាងមោះមុត អង់អាចក្លាហាន ក្នុងការនាំមកនូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន ព្រមទាំងបានដឹកនាំ គ្រប់គ្រងគ្រោះមហន្តរាយបង្កដោយធម្មជាតិ ដោយប្រយុទ្ធទប់ស្កាត់ រក្សាការពារអាយុជីវិត និងជីវភាពប្រជាជន ពីគ្រប់មុខសញ្ញាគ្រោះថ្នាក់ដោយមិនទុកឱ្យប្រជាជនណាម្នាក់រងគ្រោះ ដោយមិនទទួលខុសត្រូវនោះឡើយ។
ទី២៖ លើកកម្ពស់យល់ដឹងរបស់បងប្អូនរួមជាតិ ពីសារៈសំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបំផុសស្មារតីពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមបញ្ចៀសការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បតិ្ត ការប៉ះពាល់បរិស្ថាន និងការអាក់ខានចំពោះដំណើរការសហគមន៍ សង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីមុខសញ្ញាគ្រោះមហន្តរាយ។
ទី៣៖ ចូលរួមជាមួយបណ្តាប្រទេសអាស៊ាន ក្នុង «ការកសាងអាស៊ានដែលមានភាពធន់ តាមរយៈការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយប្រកបដោយបរិយាបន្ន និងនិរន្តរភាព»។
ទី៤៖ ចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ «តួនាទីនៃការអប់រំក្នុង ការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ» ដែលសំដៅកាត់បន្ថយហានិភ័យ និងការបាត់បង់ជាសាកល។
ថ្លែងក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា៖ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃគោលបំណងខាងលើនេះហើយ ការប្រារព្ធទិវាជាតិគ្រោះមហន្តរាយក្នុងទឹកដីនៃខេត្តកំពង់ចាម គឺជាសក្ខីភាពនៃមនសិការ, ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យេីងទាំងអស់គ្នា ក្នុងការទទួលយកមកអនុវត្តឱ្យបានជាការពិតជាក់ស្តែង នូវសេចក្តីអំពាវនាវ ៣ ចំណុចសំខាន់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានខ្លឹមសារថា៖
១. បន្តចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាទប់ស្កាត់រាល់ចេតនាបង្កចលាចលសង្គម ការញុះញង់ បង្កអស្ថេរភាព បំផ្លាញសន្តិភាពក្នុង បំណងទាញសង្គមជាតិ ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាមជាថ្មីណាមួយ ដែលជា «គ្រោះមហន្តរាយបង្កដោយមនុស្សដ៍គួរឱ្យភ័យខ្លាច»។ ប្រការមួយនេះ យើងត្រូវតែចងចាំជានិច្ចនូវប្រសាសន៍ សម្តេចតេជោ ដែលតែងតែរំលឹកយើងទាំងអស់គ្នា ជាពិសេសក្មួយៗយុវជនថា «សង្គ្រាមអាចឆាបឆេះបានយ៉ាងលឿន ហើយងាយ ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាពត្រូវការពេលវេលាយូរណាស់។ សម្រាប់យុវជនជំនាន់ក្រោយ យើងត្រូវជំរុញឱ្យពួកគេស្គាល់តម្លៃពិតនៃសន្តិភាព ស្គាល់ ពីគ្រោះថ្នាក់នៃសង្គ្រាម ស្គាល់ពីការឈឺចាប់នៃការបាត់បង់មនុស្ស ជាទីស្រឡាញ់របស់ខ្លួន និងបណ្តុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារ និងពង្រឹងសុខសន្តិភាពដែលមានស្រាប់ ដើម្បីមនុស្សជាតិគ្រប់រូបស្គាល់ភាពសុខសាន្ត ការអភិវឌ្ឍ និងវិបុលភាព»។
២. បង្កើនការយល់ដឹងអំពីមុខសញ្ញាគ្រោះថ្នាក់ ការអប់រំផ្សព្វផ្សាយ ព័ត៌មានព្យាករណ៍ និងការប្រកាសឱ្យដឹងជាមុន និងការចូលរួមទប់ស្កាត់ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយ។
៣. រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាកំណើនសេដ្ឋកិច្ច ធ្វើការវិនិយោគ ពង្រីកមុខរបរដែលធន់ ដើម្បីរក្សាស្ថេរភាពជីវភាពរស់នៅ ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ/ឃុំមានសុវត្ថិភាព ក៏ដូចជាការចូលរួមគាំទ្រឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយ ថវិកា ដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព និងនៅក្នុងសកម្មភាពឆ្លើយតបគ្រោះមហន្តរាយនានា។
សម្រាប់កាកបាទក្រហមកម្ពុជាវិញ តម្លៃនៃការបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ គឺការចូលរួមអនុវត្តសេចក្តីអំពាវនាវខាងលើនេះ និងចូលរួមក្នុងការអនុវត្តការក្រើនរំលឹករបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការពង្រឹងសមត្ថភាព ស្ថាប័ន និងបង្កើនការយកចិត្តទុកដាក់លើការអប់រំផ្សព្វផ្សាយ ការផ្តល់ព័ត៌មានជាមុន និងការចូលរួម ក្នុងការប្រើកម្លាំងសារុប មធ្យោបាយសារុប ធនធានសារុប ក្នុងការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋ៕