ខុទ្ទកាល័យអនុប្រធានទី២រដ្ឋសភា អញ្ជើញគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តម អៀ ថារ៉ាឌី នាយករងខុទ្ទកាល័យអនុប្រធានទី២រដ្ឋសភា បានដឹកនាំ ឯកឧត្តម លោកជំទាវខុទ្ទកាល័យអនុប្រធានទី២រដ្ឋសភា អញ្ជើញចូលគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ។
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ឯកឧត្តម នាយករងខុទ្ទកាល័យអនុប្រធានទី២រដ្ឋសភា បានសម្ដែងនូវការគោរព ជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលកន្លងមកក៏ដូចបច្ចុប្បន្ន ឯកឧត្តម តែងតែបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើប្រទេសជាតិមាតុភូមិដ៏បវររុងរឿងនៃយើងឱ្យមានការរីកចម្រើនជឿនលឿនខ្លាំងក្លាតាមរយៈការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងការលើកកម្ពស់កិត្យានុភាពរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីរន្ទឺទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិផងដែរ។
ក្នុងនាមនាយករងខុទ្ទកាល័យអនុប្រធានទី២រដ្ឋសភា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅៗជាទីស្រឡាញ់ និងសហការីទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕