សំណើ និងសំណូមពរពលរដ្ឋ ៣០ករណី ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ដោះស្រាយភ្លាមៗ ក្នុងវេទិកាសាធារណៈ ក្នុងសង្កាត់បឹងកុក
ភ្នំពេញ៖ សំណើសំណូមពរ និងបញ្ហាផ្សេងៗ ៣០ករណី ដែលប្រជាពលរដ្ឋស្នើឡើងត្រូវបានដោះស្រាយភ្លាមៗ នៅក្នុងវេទិកាសាធារណៈ ដែលបានរៀបចំឡើង នៅវត្តជោតនារាម បឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
វេទិការនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ ព្រមទាំង តំណាងប្រជាពលរដ្ឋ សរុបប្រមាណជាង ១០០នាក់ ។
មុនពេលបើកការពិភាក្សាពិគ្រោះយោបល់ ឯកឧត្តម អ៊ុន ចាន់ បានមានប្រសាសន៍ថា ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តម្រូវឱ្យថ្នាក់ដឹកក្រុមការងារទាំងអស់ ចុះជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងការអនុវត្តការងារ រយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ បស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ដើម្បី ឆ្លុះបញ្ចាំង នូវការដាក់ចេញនូវគោលនយោបាយនេះ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋ ទទួលបានពីគោលនយោបាយនោះបានកម្រិតណា? ។ ដូច្នេះ ដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ ។ ក្រៅពីនោះ រដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋាភិបាល បានផ្ដោតសំខាន់ ទៅលើការងារពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសង្គម ដែលផ្ដោតសំខាន់ទៅលើការងារ ដែលបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។
គួរបញ្ជាក់ផងដែរថា ក្នុងអង្គវេទិកានេះ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ចំនួន ៣០ករណី ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន ការសុំប័ណ្ណកម្មសិទ្ធិដីធ្លី សុំជួសជុលផ្លូវកៅស៊ូ សុំផ្លូវបេតុង សុំបើកផ្លូវឱ្យបានធំទូលាយ សុំដោះស្រាយបញ្ហាផ្លូវដក់ទឹក សុំស្លាកសញ្ញាចរាចរណ៍ សុំបង្គោលភ្លើង និងអំពូលសូឡាបំភ្លឺផ្លូវ សុំពង្រឹង ក្លោងទ្វារវត្តបឹងកុក សាមណសិស្ស និស្សិតសុំប័ណ្ណសមធម៌ និងសុំជញ្ជីងថ្លឹងយុត្តិធម៌ដាក់នៅផ្សារបឹងកុក ។ ដែលត្រូវបានដោះស្រាយភ្លាមៗ នៅនឹងកន្លែងតែម្តង ៕