ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
សូមជម្រាបជូនថា៖ គម្រោងសាងសង់ទំនប់អាងទឹកមួយចំនួនដូចជា៖
ទី១). ទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូរាំង ដែលមានទំនប់ស្ទាក់ទឹកបេតុងប្រវែង ៣០៦ម៉ែត្រនិងមានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប។
ទី២). ទំនប់លើ ស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ៧៩៩ម៉ែត្រ និងមានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូប។
ទី៣). ទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ១៤៨០ម៉ែត្រ និងមានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគូប។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងខេត្តមណ្ឌលគិរី ជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់បម្រើលើគ្រប់វិស័យតាមសេចក្តីត្រូវការរបស់ខេត្ត ក្នុងការផលិតទឹកស្អាត។
ទន្ទឹមនឹងនេះ បណ្តាទំនប់អាងទឹកក្នុងតំបន់ក៏នឹងទាក់ទាញកំណើនភ្ញៀវទេសចរ ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងជួយកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ៕