អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់សមាជិក-សមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះខ្លឹមសារ អត្ថន័យ អត្តរូប នៃការកសាងផែនការអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ពលរដ្ឋក្នុងស្រុក-ក្រុង
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ រយៈពេល០៥ឆ្នាំ (២០២៥-២០២៩) និងផ្សព្វផ្សាយសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគស្រុក-ក្រុង ក្រោមអធិបតីភាព ឯកឧត្តម ឡុងធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នៅសាលប្រជុំ គ សាលាខេត្ត។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករង រដ្ឋបាល-ទីចាត់ការ និងមន្រ្តីជំនាញ នៃរដ្ឋបាលខេត្ត បណ្ដាមន្ទីរ-អង្គភាព ក្រុមប្រឹក្សានិងអភិបាល-ក្រុង ព្រមទាំងអ្នកពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍គូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ នឹងធ្វើឱ្យសិក្ខាកាមដែលបានចូលរួម ទទួលបានការយល់ដឹងពីការរៀបចំផែនការឡើងស្របតាមសេចក្ដីណែនាំបច្ចេកទេសរបស់ថ្នាក់ជាតិ ដោយមានការចូលរួមក្នុងដំណើរការវិភាគស្ថានភាព សក្ដានុពល បញ្ហាប្រឈមនិងតម្រូវការនានា ពីមន្ទីរ/អង្គភាព ទីចាត់ការចំណុះសាលាខេត្ដ ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធនានាដើម្បីរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ឱ្យកាន់តែសុក្រឹត្យបន្ថែមទៀត។
ឯកឧត្ដម ប៉ែន កុសល្យ បានបន្តថា បន្ថែមលើនេះ នឹងធានាឱ្យមានគណនេយ្យភាពពិតប្រាកដជូនប្រជាពលរដ្ឋ ដែលបានលើកគម្រោងអភិវឌ្ឍន៍សម្រាប់ដោះស្រាយបញ្ហានានាដែលជួបប្រទះនូវមូលដ្ឋាន តាមរយៈការកសាងផែនការអភិវឌ្ឍន៍ ០៥ឆ្នាំ ដើម្បីរួមចំណែកបំពេញគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយថាមពល របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់សមាជិក-សមាជិកាទាំងអស់ សូមយកចិត្តទុកដាក់ទៅលើការកសាងផែនការ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជួយគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់មន្ត្រីជំនាញ ដើម្បីឱ្យខ្លឹមសារ អត្ថន័យ អត្តរូប នៃការកសាងផែនការអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងសេចក្តីត្រូវការកិច្ចអភិវឌ្ឍន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ បានបញ្ជាក់ពីគោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីផ្ដល់ការណែនាំជាគោលនយោបាយសម្រាប់ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ និងកិច្ចដំណើការកសាងផែនការ ដែលមានស្វ័យភាព ក្នុងការរៀបចំផែនការ ការត្រួតពិនិត្យ និងការកែលំអរប្រព័ន្ធ និងនិតិវិធីនៃការកសាងផែនការតាមចរឹកលក្ខណៈផ្សេងៗគ្នា នៃប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ព្រមទាំងផ្ដល់ការណែនាំអំពីយន្តការ និងការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំកសាង និងអនុវត្តផែនការរបស់ខ្លួន ៕