សម្តេចធិបតី អំពាវនាវប្រជាពលរដ្ឋ កុំជឿតាមញុះញង់របស់មេខ្យល់ ដែលអះអាងថា ចុះឈ្មោះដើម្បីបានដីសម្បទានសង្គមកិច្ច
ភ្នំពេញ៖ ក្នុងឱកាសសម្ពោធទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ កុំជឿតាមញុះញង់របស់មេខ្យល់ ដែលអះអាងថា ចុះឈ្មោះដើម្បីបានដីសម្បទានសង្គមកិច្ច។
សម្តេច បានបញ្ជាក់ថា មិនមានគោលការណ៍ចែកដីសម្បទាននោះទេ ហើយករណីនេះអាជ្ញាធរសមត្ថកិច្ចត្រូវស្រាវជ្រាវរកមេខ្យល់នោះ ដើម្បីអនុវត្តច្បាប់។
សូមជម្រាបថា ថ្មីៗនេះ សម្ដេចមធិបតី បានព្រមានចំពោះអ្នកដែលខ្ចីដៃប្រជាពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ ពីព្រោះអ្នកខ្លះបន្លំខ្លួនជាតំណាងពលរដ្ឋក្រីក្រ ដើម្បីស្នើសុំដីរាប់ពាន់ហិកតាពីរដ្ឋ ដែលសម្តេចចាត់ទុកថា នោះគឺជាបទល្មើសត្រូវប្រឈមនឹងផ្លូវច្បាប់។
សម្តេចធិបតីបានថ្លែងថា ចំពោះប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលកំពុងរៀបចំយន្តការ រៀបចំនីតិវិធីចុះបញ្ជី វាស់វែងឲ្យបានច្បាស់ ចៀសវាងកន្ទេលធំបន្លំដេក។ ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ រដ្ឋបានអនុវត្តគោលនយោបាយដីសម្បទានសេដ្ឋកិច្ចជាប់ជាប្រចាំ។
សម្តេចធិបតីបានបន្ថែមថា តាមរយៈយន្តការដែលមានស្រាប់ រាជរដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការជាតិ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥តទៅ ខណៈបច្ចុប្បន្នកំពុងចុះសិក្សាទីតាំង និងនីតិវិធី ដើម្បីផ្ដល់ដីឱ្យប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយជួយក្នុងការកសាងភូមិឃុំនៅលើដីថ្មីនោះ៕