សម្តេចធិបតី៖ អ្នកបារម្ភបាត់បង់ទឹកដី ពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមែនជាអ្នកខេត្តមណ្ឌលគិរីទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្នកដែលព្រួយបារម្ភបាត់បង់ទឹកដីព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) គឺមិនមែនជាអ្នកខេត្តមណ្ឌលគិរីនោះទេ ពីព្រោះអ្នកមណ្ឌលគិរីបានយល់ច្បាស់ ស្ថានភាពរីកចម្រើន ការគ្រប់គ្រង និងដឹកនាំនៅក្នុងខេត្តដែលពួកគាត់កំពុងរស់នៅ។
ក្នុងឱកាសអញ្ជើញអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដី នៃខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅរយៈពេល២៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនបានធ្វើឱ្យបាត់បង់បូរណភាពទឹកដី ឬយកច្បាប់ប្រទេសណាមកអនុវត្តន៍នៅលើទឹកដីកម្ពុជានោះឡើយ។
សម្ដេចបវរធិបតី បញ្ជាក់ថា ទោះបីជាកម្ពុជា ដកខ្លួនចេញកិច្ចសហប្រតិបត្តិការ CLV ក៏ដោយ តែក្រុមនិន្នាការប្រឆាំងនៅក្រៅប្រទេស នៅតែបន្តឃោសនាញុះញង់ បំភ្លៃការពិត ដើម្បីកេងចំណេញផ្នែកនយោបាយ។
សម្ដេចធិបតី បានបង្ហើបឲ្យដឹងថា តាមពិតកម្ពុជា នឹងត្រូវជាធ្វើម្ចាស់ផ្ទះនូវកិច្ចប្រជុំ CLV-DTA នៅខែធ្នូ ឆ្នាំ២០២៤ ប៉ុន្ដែដោយសារកម្ពុជា សម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ទើបមិនមានប្រជុំបែបនេះទេ។ ការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដើម្បីបញ្ចប់ភាពហ្មងសៅរវាងប្រជាជន និងប្រជាជន។ ជាពិសេស ការដុតបំពេញបន្ថែម ពីក្រុមប្រឆាំងជ្រុលនិយម ៕