ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះជួបសំណេះសំណាលជាមួយកីឡាករទូក ង “ព្រះខ័នសឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី” ដែលជាទូក របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារ អន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង និងសហការី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក ង “ព្រះខ័នសឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី” ដែលជាទូក របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រៀមចូលរួមប្រណាំងនៅដងស្ទឹងសិរីសោភ័ណ ក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែ តុលា ឆ្នាំ២០២៤នេះ ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ក៏បានធ្វើការពាំនផ្ដាំផ្ញើពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដល់កីឡាករទូក ង ទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមយកជ័យលាភី ជូនដល់អង្គភាព ជាពិសេសសុំឱ្យកីឡាករទាំងអស់មុនពេលប្រណាំងទូក ត្រូវថែរក្សាសុខភាពឱ្យបានល្អតាមរយៈការហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យ ចៀសវាងនូវការបរិភោគនៅអាហារដែលប៉ះពាល់ដល់សុខភាព ជាពិសេសការពិសារគ្រឿងស្រវឹងជាដេីម។
ក្នុងការជួបសំណេះសំណាលនេះលោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភនូវ ថវិកា ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) , អង្ករចំនួន ២ការ៉ុង , ទឹកសុទ្ធសឹង្ហចំនួន ៥០យួរ , ខោអាវមួក ចំនួន ៧០កំប្លេ , ទឹកត្រីចំនួន៥យួរ, ទឹកស៊ីអ៉ីវចំនួន៥យួរ , មីចំនួន ៦កេសតូច , ត្រី ខ ចំនួន ៦យួរ ដល់កីឡាករទូក ដេីម្បីប្រេីប្រាស់ការចំណាយប្រចាំថ្ងៃផងដែរ ៕