អង្គការ FAO គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបន្ស៊ាំនឹងអាកាសធាតុ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតទទួលជួបជាមួយលោកស្រី Rebekah Olivia Bell តំណាងអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ FAO ប្រចាំប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីវឌ្ឍនភាព ក្នុងគំនិតផ្តួចផ្តើមនៃការបន្សាំទៅនឹងអាកាសធាតុរបស់កម្ពុជា តាមរយៈសំណើរបស់មូលនិធិអាកាសធាតុបៃតង (GCF)។
ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការជំរុញគោលដៅអាកាសធាតុរបស់កម្ពុជា និងធានាការសម្របសម្រួល ប្រកបដោយប្រសិទ្ធភាពក្នុងចំណោមក្រសួងនានា ដើម្បីដោះស្រាយបញ្ហាប្រឈមដោយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ឱ្យមានប្រសិទ្ធភាពផងដែរ។
ក្នុងឱកាសនោះ លោកស្រី Rebekah Olivia Bell បានលើកឡើងអំពីគម្រោងកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីធ្វើការគ្រប់គ្រងទឹក ការដាំស្ដារព្រៃឈើ និងប្រព័ន្ធផ្តល់ព័ត៌មានជាមុន តាមរយៈសំណើរបស់មូលនិធិអាកាសធាតុបៃតង (GCF)។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងបានថ្លែងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ពីដៃគូសហការ ជាមួយក្រសួងបរិស្ថាន ក៏ដូចជា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីរួមគ្នាកាត់បន្ថយផលប៉ះពាល់ ដោយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងបរិស្ថានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសហការ ដើម្បីធានាបាននូវភាពជោគជ័យរបស់គម្រោង។
តាមរយៈនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា កម្ពុជា បានរួមចំណែកយ៉ាងច្រើន ទៅលើកិច្ចប្រឹងប្រែងដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេស និងចូលរួម ជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះកម្ពុជាកំណត់ប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា ជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងអង្គការFAO បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ (CCCS24) នៅខេត្តព្រះសីហនុ ដែលរៀបចំឡើងដោយ ក្រសួងបរិស្ថានសហការជាមួយវិទ្យាស្ថាន Mekong Future Initiative នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាង ៣០០នាក់ រួមមានសិស្ស និស្សិត សមាជិកសហគមន៍ ក្រុមជនជាតិភាគតិច សកម្មជនបរិស្ថាន អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថានទូតនានា ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសកម្មភាពអាកាសធាតុរបស់កម្ពុជា៕