ឯកឧត្តម សុខ សប្បាយណា៖ ការប្រើប្រាស់ប្រព័ន្ធ MCS Mobile App នបង្ហាញថា វត្តមានមន្ត្រីរាជការដែលមកបម្រើការងារមានជាង ៩៣%
ភ្នំពេញ៖ ក្រៅពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានជាច្រើន ទាំងការងារប្រចាំថ្ងៃ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានរាយការណ៍នៅក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ វឌ្ឍនភាពការងារមួយដែលគួរកត់សម្គាល់បន្ថែមនោះគឺ «ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការ»។
មានប្រសាសន៍រាយការណ៍ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងអង្គប្រជុំ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញថា ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការដែលមកបម្រើការងារនៅទីស្តីការក្រសួង មានវឌ្ឍនភាពគួរជាទីចាប់អារម្មណ៍។ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ ការប្រើប្រាស់ប្រព័ន្ធ MCS Mobile App បានបង្ហាញថា វត្តមានមន្ត្រីរាជការដែលមកបម្រើការងារមានចំនួនជាង ៩៣%។ តួលេខនេះ មិនបានរាប់បញ្ចូលចំនួនមន្ត្រីដែលអវត្តមានដោយមានច្បាប់ត្រឹមត្រូវនោះឡើយ។” ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់។
សូមជម្រាបថា ការដាក់អនុវត្តប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមរយៈការប្រើប្រាស់ MCS Mobile App ជាយន្តការថ្មីដើម្បីបំពេញបន្ថែមលើប្រព័ន្ធគ្រប់គ្រងវត្តមានក្នុងពេលបច្ចុប្បន្ន។ តួលេខដែលបានស្រង់តាមប្រព័ន្ធបច្ចេកវិទ្យាដែលបញ្ជាក់ខាងលើ បានបង្ហាញថា មន្ត្រីរាជការរបស់យើងបាន និងកំពុងបំពេញតួនាទី ភារកិច្ច លើការបម្រើការងារប្រចាំថ្ងៃជូនរាជរដ្ឋាភិបាលគួរជាទីមោទនៈ។
ក្រសួងមុខងារសាធារណៈ មានមោទនភាព និងសូមអរគុណមន្ត្រីរាជការគ្រប់ៗរូបដែលបានខិតខំប្រឹងប្រែង មានទំនួលខុសត្រូវ និងគោរពតួនាទីមកបម្រើការងារដើម្បីរួបរួមអភិវឌ្ឍស្ថាប័ន និងវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕