ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ទទួលមរណភាព
ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។
បើតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា សព ឯកឧត្តម ជា ចាន់តូ ត្រូវបានតម្កល់និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅផ្ទះលេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងខាងលើនេះ ចាត់ទុកជាការជូនជ្រាបជាព័ត៌មាន និងគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ដើម្បីចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខចំពោះគ្រួសារសព ៕