ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក អគ្គនាយកបច្ចេកទេស អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីអគ្គាធិការស្ដីទី លោក លោកស្រីប្រធាន គ្រប់នាយកដ្ឋានជំនាញ លោក លោកស្រី ប្រធានមន្ទីររាជធានី-ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំមានគោលបំណងចំនួន០៤ ដូចខាងក្រោម៖
១.ការណែនាំអំពីការរៀបចំឯកសារសម្រាប់សន្និបាតប្រចាំឆ្នាំ២០២៤-២០២៥ ដូចខាងក្រោម៖
ក.ទម្រង់នៃបទអន្តរាគមន៍
ខ.ទម្រង់នៃបទបង្ហាញកម្មវិធីទាំង៤។
២.ពិនិត្យ និងពិភាក្សាជ្រើសរើសប្រធានបទសម្រាប់ធ្វើបទបង្ហាញរបស់កម្មវិធីទាំង ៤ និង បង្ហាញសមាសភាពវាគ្មិន។
៣.ពិភាក្សាលើសេចក្តីព្រាងកម្មវិធីសន្និបាត។
៤.ផ្សេងៗ។
ជាលទ្ធផល អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១.ឯកឧត្តម ភួង សោភា ទទួលពិនិត្យនិងកែសម្រួលលើទម្រង់នៃបទអន្តរាគមន៍ និង អង្គភាព យ៉ាងយូរត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបទបង្ហាញនៃកម្មវិធី នីមួយៗ យ៉ាងយូរបំផុតត្រឹមសប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអនុគណៈកម្មការ មានពេលរៀបចំប្រជុំនៅចុងខែវិច្ឆិកាខាងមុខ។
២.ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង នឹងទទួលធ្វើការកែសម្រួលបទបង្ហាញកម្មវិធីនីមួយៗ និងកម្មវិធី សន្និបាតឡើងវិញ ដើម្បីភ្ជាប់ជាមួយរបាយការណ៍ គោរពជូនឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យ និងផ្តល់ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់។
៣.អង្គប្រជុំបានសម្រេចជ្រើសរើសប្រធានបទសម្រាប់កម្មវិធីនីមួយៗ និងវាគ្មិនដែលត្រូវធ្វើ បទបង្ហាញ ដើម្បីគោរពជូនឯកឧត្តមរដ្ឋមន្រ្តីពិនិត្យ និងសម្រេច យ៉ាងយូរត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
៤.លោក ឌី សារ៉ាត់ និងលោក ផេង សំបូរ នឹងទទួលរៀបចំរបាយការណ៍ប្រជុំនេះ ឲ្យបានរួចរាល់ ដើម្បីគោរពជូនឯកឧត្តមរដ្ឋមន្រ្តីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕