រាជរដ្ឋាភិបាលនៅតែបន្តពង្រឹងគោលនយោបាយការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនរុញទៅដល់មូលដ្ឋាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តពង្រឹងគោលនយោបាយការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនរុញទៅដល់មូលដ្ឋាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា និងទទួលបានការបណ្ដុះបណ្ដាលព័ត៌មានបច្ចេកវិទ្យាទំនើបៗនាយុគ្គសម័យបច្ចុប្បន្ននេះ។
សម្តេចធិបតី បានមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញអបអរសាទរ សមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី១ នៃយុទ្ធសាស្ត្រគឺការអភិវឌ្ឍមូលធនមនុស្ស និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកំណែទម្រង់វិស័យអប់រំ គឺពង្រឹងនៅថ្នាក់បឋមសិក្សា និងពង្រឹងនូវមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ និងគ្រូកិច្ចសន្យាទាំងអស់ដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមបណ្ដុះធនធានមនុស្សដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត ៕