ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជា មានសំណាងជាងគេ បើធៀបនឹងបណ្ដាប្រទេសជុំវិញ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ បណ្តាលមកពីព្យុះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានសំណាងជាងគេ បើធៀបទៅនឹងប្រទេស៥នៅក្បែរកម្ពុជា រួមមាន ថៃ ឡាវ វៀតណាម ហ្វីលីពីន និងភូមា ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ បណ្តាលមកពីព្យុះដែលតែងតែកើតមានឡើងក្នុងរដូវស្សា បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័នជាច្រើន ។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី អបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខែវស្សា ឆ្នាំនេះយើងបារម្ភដែលទឹកធំ ព្រោះជាទូទៅឆ្នាំរោងទឹកធំ ប៉ុន្តែឆ្នាំនេះ យើងមានគឺថា សំណាងដែរ ប្រទេសប្រាំ នៅជុំវិញយើងគឺទទួលផលប៉ះពាល់ធ្ងន់ពីព្យុះ តែកម្ពុជា យើងតិចបំផុត» ។
សម្តេចធិបតី បញ្ជាក់ថា នៅកម្ពុជា ទឹកធំឡើងដែរ លិចកន្លែងខ្លះ ប៉ុន្តែមិនធំដូចកាល ១២ឆ្នាំមុន នេះគឺជាសំណាងល្អ របស់កម្ពុជា ៕