UN៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណ១៥០នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រឥណ្ឌូនេស៊ី
បរទេស៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការ សហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹង នៅថ្ងៃសុក្រថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាង១៥០នាក់ បូករួមទាំងស្ត្រី និង កុមារ ត្រូវបានជួយសង្គ្រោះចេញ ពីឆ្នេរសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី ក្រោយពីទូករបស់ពួកគេ បានលិច នៅក្នុងសមុទ្រអស់ រយៈពេលជាច្រើនថ្ងៃ។
ទីភ្នាក់ងារបានដឹងថា ជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើន ត្រូវបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមនុស្សរាប់ពាន់នាក់ ប្រថុយជីវិតជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរតាមផ្លូវសមុទ្រដ៏វែងឆ្ងាយ និងគ្រោះថ្នាក់ ដើម្បីទៅដល់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី។
ទូកដែលផ្ទុកមនុស្សចំនួន១៥២នាក់ត្រូវបានបោះយុថ្កាចម្ងាយ១,៦គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃសង្កាត់ South Aceh អស់រយៈពេលជាច្រើនថ្ងៃ ខណៈក្រុមមន្ត្រីបានសម្រេចចិត្ត ថាតើ ត្រូវអនុញ្ញាតឱ្យពួកគេចុះចត ប៉ុន្តែទីបំផុតពួកគេត្រូវបាននាំយកមកច្រាំងកាលពីរសៀលថ្ងៃព្រហស្បតិ៍។
លោក Faisal Rahman បម្រើការនៅ UNHCR បានប្រាប់ដល់ទីភ្នាក់ងារ AFP នៅថ្ងៃសុក្រនេះថា UNHCR សូមថ្លែងអំណរគុណដល់អាជ្ញាធរ និងសហគមន៍មូលដ្ឋានសម្រាប់ស្មារតីមនុស្សធម៌ និងកិច្ចខិតខំប្រឹង ប្រែងជួយសង្គ្រោះជីវិត ព្រមទាំងការអនុញ្ញាត ឱ្យចូលចតដែលផ្តល់ដល់ជនភៀសខ្លួន ប្រហែល១៥២នាក់។
លោកបានលើកឡើងថា អ្នកនៅលើទូកភាគច្រើនជាស្ត្រី និងកុមារដែលងាយរងគ្រោះ ជាជនរងគ្រោះពីការជួញដូរមនុស្ស។