ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពសូរគង នៃខេត្តកំពង់ចាម ដោយមិនបានជូនដំណឹង
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបានចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពសូរគង ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹង។
ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា នៅមណ្ឌលសុខភាពសូរគងនេះ បុគ្គលិកបម្រើការងារមានការទទួលខុសត្រូវពេលវេលារបស់ខ្លួនបានល្អ និងការបំពេញការងារ ២៤ម៉ោង លើ ២៤ម៉ោង មានអនាម័យ សណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាព រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខភាពសូរគងនេះ ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងបន្តការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ រួមទាំងការរក្សាអនាម័យនិងបរិស្ថានជុំវិញមានលក្ខណៈសមរម្យ ការរៀបចំទុកដាក់ឱសថ វ៉ាក់សាំងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្រប់គ្រងឱ្យបានសមស្របតាមនៃការប្រើប្រាស់ ជាពិសេសការបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ក្នុង៧ថ្ងៃ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា និងឈរនៅលើគោលជំហរ ដោយទំនុកចិត្ត សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនបងប្អូនប្រជាពលរដ្ឋ ៕