រដ្ឋមន្ត្រីការងារ ប្រកាសដាក់ឱ្យដំណើរការ បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិករបស់ក្រសួង សម្រាប់សាធារណជនសាកល្បងប្រើប្រាស់
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិក ដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈនានារបស់ក្រសួង ដែលបង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់ TVET សម្រាប់សាធារណជនប្រើប្រាស់ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកនេះ
មានមុខងារលើ សេវាសាធារណៈតាមបែបឌីជីថលចំនួន ៦ ដូចជា៖
១. សេវាចុះឈ្មោះស្វែងរកការងារ
២. សេវាចុះឈ្មោះស្វែងរកបុគ្គលិក
៣. សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស
៤. សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ
៥. សេវាតាមដានសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៦. ជាពិសេស ម៉ាស៊ីននេះ ក៏ជាកន្លែងដែលសាធារណជនក៏អាចផ្តល់ជាព័ត៌មាន ឬដាក់បណ្តឹងអនាមិកមកកាន់ក្រសួង ក្នុងករណីមានបញ្ហាណាមួយពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដោយមិនតម្រូវឱ្យបញ្ជាក់អត្តសញ្ញាណរបស់អ្នកដាក់ពាក្យបណ្តឹងនោះឡើយ។
ឯកឧត្តម ហេង សួរ បានលើកឡើងថា បើសិនជាតាមរយៈការធ្វើតេស្តសាកល្បងទៅលើម៉ាស៊ីនទាំង៨ បញ្ជរ ដែលបានដាក់បង្ហាញឱ្យសាធារណជនសាកល្បងប្រើប្រាស់ នៅក្នុងពេលពិព័រណ៍ការងារនាពេលនេះ ទទួលបានភាពជោគជ័យដោយរលូន ក្រសួងនឹងផលិតម៉ាស៊ីននេះ ប្រមាណជា ១០០០ គ្រឿង សម្រាប់ដាក់នៅតាមទីតាំងសាធារណៈ ផ្សារទំនើប តំបន់សេដ្ឋកិច្ចពិសេស សាលារៀន ស្ថានីយប្រេងឥន្ធនៈ ទីប្រជុំជននានា សម្រាប់សាធារណជនប្រើប្រាស់ នាឆ្នាំ២០២៥ ខាងមុខនេះ។
តាមការបញ្ជាក់ពី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកនេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថានបច្ចេកទេស (TVET) ជាពិសេសគឺស្របតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺធ្វើយ៉ាងណាត្រូវបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន ៕