សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី ២២ ជូនទុរគតជនម្នាក់ នៅស្រុកចំការលើ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមរួមនិង ព្រះវត្តមានព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ និងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកប្រតិបត្តិ ព្រមទាំងអ្នកពាក់ព័ន្ធ បាននិមន្តនិង អញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី ២២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីអនុគណស្រុក រួមទាំងសប្បុរសជន ជូនទុគតជនជរាគ្មានទីពឹង ឈ្មោះ បួ កប អាយុ ៥៩ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ។
គួររំលឹកថា លោកតា បួ កប រស់នៅម្នាក់ឯង គ្មានប្រពន្ធ កូន ទេ ។ គាត់ជាអតីតយុទ្ធជន ធ្លាប់បម្រើការក្នុងអង្គភាពយោធា ស្រុកចំការលើ ហើយបានរំសាយក្នុងឆ្នាំ១៩៨៥ ដោយពុំទទួលបានរបបគោលនយោបាយអ្វីឡើយ។ កន្លងមក ធ្លាប់រស់នៅជាមួយបងប្រុស ក្នុងភូមិនេះដែរ ប៉ុន្តែដោយសារគាត់មានសតិមិនសូវគ្រប់ ធ្ងន់ត្រចៀក ហើយមិនចេះរកស៊ីទៀត ធ្វើអោយការរស់នៅមិនចុះសម្រុងគ្នា។ ម៉្លោះហើយ គាត់ចេះតែដើររស់នៅជាមួយអ្នកជិតខាង រហូតត្រូវបានក្រុមគ្រួសារ លោក ម៉េត គឿន អាណិតមកនៅក្នុងដីភូមិរបស់ខ្លួន ដោយបានសង់ជាកូនខ្ទមតូចមួយ ដែលដំបូលនិងជញ្ជាំងបិទបាំងដោយស្លឹកត្នោត ជាជម្រកអោយគាត់។សព្វថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងនិងម្ចាស់ដី ប៉ុណ្ណោះ។ទុរគតជនជរា រូបនេះ ពុំមានដីផ្ទាល់ ខ្លួនទេ តែដោយក្តីអាណិតអាសូរ លោក ម៉េត គឿន សុខចិត្តបរិច្ចាគ ដីភូមិរបស់គាត់ទំហំ ១០ម × ១២ម ជូន លោកតា បួ កប រស់នៅអស់មួយ ជីវិត តែមិនប្រគល់អោយជាកម្មសិទ្ធិទេ។ ទោះជាយ៉ាងណាក្តីដោយសារជីវភាពក្រខ្សត់ពេក ទុរគតជនជរារូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅ បានឡើយ។
តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើ សុំបិណ្ឌបាត្រពីព្រះអនុគណ ស្រុក និងដោយ មើលឃើញពីស្ថានភាពដ៏លំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២,០០០,០០០រៀល រួមទាំងបន្ថែមអណ្តូងស្នប់ ១ទៀត ជាថវិកាបដិភាគ របស់សាខា សាលាគណ សាលាអនុគណ អនុសាខាស្រុក ចៅអធិការវត្តទូទាំងស្រុកចំការលើ និងសប្បុរសជន ជូនលោកតា បួ កប សម្រាប់ស្នាក់នៅ តទៅ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូន ទុរគតជនជរា រូបនេះ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០រៀល ផងដែរ៕