សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជពិធីខួបគម្រប់២០ព្រះវស្សា ការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីខួបគម្រប់២០ព្រះវស្សា ការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ។
ក្នុងសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ខ្ញុំម្ចាស់ និងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿងដល់ប្រជារាស្ត្រ របស់ព្រះអង្គបានជ្រកកោន ក្នុងសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ តរៀងទៅ។
ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមប្តេជ្ញាដង្ហែតាមដោយឥតងាករេនៃព្រះរាជគំរូមនុស្សធម៌របស់ ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជារៀងដរាបទៅ។
ក្នុងឱកាសដ៏មហាសិរីមង្គលប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ រួមនឹងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕