ការស្ទង់មតិរកឃើញថា រាជរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងរស់រានមានជីវិតរហូតដល់ចុងបញ្ចប់ នៃអាណត្តិនៅឆ្នាំ២០២៧
បាងកក៖ ជាងពាក់កណ្តាលនៃអ្នកឆ្លើយតបការស្ទង់មតិ ជឿថា រាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងរស់រានមានជីវិតរហូតដល់ចុងបញ្ចប់ ឬជិតដល់ចុងបញ្ចប់នៃអាណត្តិនៅឆ្នាំ២០២៧។ នេះបើយោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍរបស់ប្រទេសថៃ (NIDA)។
ការស្ទង់មតិនេះ ធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ កាលពីថ្ងៃទី២១ និង២២ ខែតុលា ដោយសួរយោបល់ពីមនុស្ស១៣១០នាក់ ដែលមានប្រវត្តិអប់រំ និងវិជ្ជាជីវៈខុសៗគ្នា អំពីកត្តាដែលអាចរារាំងរាជរដ្ឋាភិបាលក្នុងការបំពេញអាណត្តិរបស់ខ្លួន។ ការស្ទង់មតិបង្ហាញថា ៤១,៦៨ភាគរយនៃអ្នកឆ្លើយសំណួរជឿថា រាជរដ្ឋាភិបាលនឹងបន្តដំណើរការរហូតដល់ឆ្នាំ២០២៧ ខណៈ១១,៩៩ភាគរយ ជឿថា រដ្ឋបាលរបស់លោកស្រី ផែថងថាន នឹងនៅបន្តកាន់អំណាចរហូតជិតដល់ចុងបញ្ចប់នៃអាណត្តិរបស់ខ្លួន។
ទន្ទឹមគ្នានោះ ១៩,០៨ភាគរយ ជឿថា រាជរដ្ឋាភិបាលនេះបន្តដំណើរការបានក្នុងរយៈពេលពីរឆ្នាំខាងមុខ ខណៈ១៦,៨៧ភាគរយ ជឿថា នឹងបន្តវត្តមានបានក្នុងរយៈពេល១២ខែបន្ទាប់ និង៩,៧៧ភាគរយ ជឿថា នឹងបន្តកាន់អំណាចបានរហូតដល់ដំណាច់ឆ្នាំនេះ។ ក្នុងនោះ អ្នកស្ទង់មតិ ៣៤,៤៣ភាគរយ ជឿថា ការបរាជ័យក្នុងការបំពេញការសន្យាសេដ្ឋកិច្ច នឹងរួមចំណែកដល់ការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាលមុនអាណត្តិ។ ដោយឡែក ៣២,៥២ភាគរយ ជឿថា ពាក្យបណ្តឹងប្រឆាំងនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មេដឹកនាំគណបក្សភឿថៃ នឹងនាំឱ្យមានការដួលរលំនៃរាជរដ្ឋាភិបាលរបស់ លោកស្រី ផែថងថាន មុនអាណត្តិ ខណៈ១៧,២៥ភាគរយ ជឿថា ជម្លោះរវាងដៃគូចម្រុះនឹងនាំឱ្យមានការបញ្ចប់មុនអាយុនៃការគ្រប់គ្រង។
ស្របពេលជាមួយគ្នានោះ ១៦,៦៤ភាគរយ ជឿថា មិនមានបញ្ហាដែលនឹងរួមចំណែកដល់ការបញ្ចប់អាណត្តិនៃរាជរដ្ឋាភិបាលទេ ខណៈ១០,៩២ភាគរយ ជឿថា ការតវ៉ាដ៏ធំប្រឆាំងនឹងរាជរដ្ឋាភិបាលអាចបណ្តាលឱ្យវាដួលរលំមុនពេលចុងបញ្ចប់នៃអាណត្តិរបស់ខ្លួន។ យ៉ាងណា ៩,៦២ភាគរយ ជឿថា វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទាក់ទងនឹងស្ដង់ដារសីលធម៌របស់អ្នកកាន់តំណែងនយោបាយ អាចបណ្តាលឱ្យមានការដួលរលំនៃរដ្ឋាភិបាល ខណៈ៨,៤២ភាគរយ គិតថា ច្បាប់លើកលែងទោសដែលបានស្នើឡើង នឹងក្លាយជាមូលហេតុដែលអាចកើតមាន។ មានតែ៦,៩៥ភាគរយប៉ុណ្ណោះ ដែលជឿថា រដ្ឋប្រហារនឹងបញ្ចប់ការគ្រប់គ្រងនេះ។
គួររំឭកថា សភាតំណាងរាស្ត្រថៃ កាលពីថ្ងៃទី១៦សីហា បានបោះឆ្នោតជ្រើសរើស លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា មេដឹកនាំគណបក្សភឿថៃ និងជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជានាយករដ្ឋមន្ត្រីទី៣១របស់ប្រទេស។ លោកស្រី បានធ្វើសច្ចាប្រណិធាន បន្ទាប់ពីទទួលបានការយល់ព្រមពីព្រះមហាក្សត្រ ជានាយករដ្ឋមន្ត្រីទី៣១របស់ប្រទេស កាលពីថ្ងៃទី១៨ ខែសីហា។ កូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោកស្រី ផែថងថាន ឈានចូលវ័យ៣៨ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេរបស់ប្រទេស។ លោកស្រី ផែថងថាន ក៏ជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃបន្ទាប់ពីម្តាយមីង គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានបម្រើការងារពីខែសីហា ឆ្នាំ២០១១ ដល់ខែឧសភា ឆ្នាំ២០១៤៕