ប្រធានាធិបតីឥណ្ឌូណេស៉ីថ្មី ចង់ឱ្យអគារសំខាន់ៗទាំងអស់របស់រដ្ឋាភិបាល និងអគារសភា នៅឯរដ្ឋធានីថ្មី មានតម្លៃ ៣២ពាន់លានដុល្លារ សង់រួចរាល់ក្នុងពេល ៤ឆ្នាំទៀត
ហ្សាការតា៖ រដ្ឋមន្រ្តីម្នាក់ក្នុងជួរគណៈរដ្ឋមន្រ្តីនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៉ីថ្មី លោក Prabowo Subianto ចង់សាងសង់ឱ្យរួចរាល់ជាស្ថាពរ នូវអគារសំខាន់ៗទាំងអស់របស់រដ្ឋាភិបាល និងអគាររបស់សភា នៅឯរដ្ឋធានីថ្មីដែលមានតម្លៃ៣២ពាន់លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤។
គម្រោងរដ្ឋធានីថ្មីខាងលើ ដែលជាគំនិតផ្តួចផ្តើមរបស់អតីតប្រធានាធិបតី លោក Joko Widodo មានបំណងរើរដ្ឋធានីបច្ចុប្បន្ន ចេញពីទីក្រុងហ្សាការតានៃកោះជ្វា ដែលកំពុងប្រឈមនឹងការលិច ទៅក្រោមផ្ទៃសមុទ្រដោយសន្សឹមៗ ព្រមទាំងបញ្ហាកកស្ទះខ្លាំង ទៅកាន់ទីក្រុង Nusantara ដែលស្ថិតនៅលើកោះ Borneo។
បើតាមរដ្ឋមន្រ្តីរុក្ខាប្រមាញ់ឥណ្ឌូណេស៉ី លោក Raja Juli Antoni លោក Prabowo ថែមទាំងសង្ឃឹមថា ពិធីស្បថចូលកាន់តំណែង ប្រធានាធិបតីនិងអនុប្រធានាធិបតី អាណត្តិឆ្នាំ២០២៩ អាចត្រូវរៀបចំទៅបាន នៅទីក្រុង Nusantara ទៀតផង។
អគារសំខាន់ៗមួយចំនួនតូច របស់រដ្ឋាភិបាលឥណ្ឌូណេស៉ី រួមមានវិមានប្រធានាធិបតីជាដើម ត្រូវបានសាងសង់រួចរាល់ កាលពីពេលថ្មីៗកន្លងទៅនេះ ខណៈដំណើរការសាងសង់ផ្លូវថ្នល់ និងអាកាសយានដ្ឋាន កំពុងតែបន្តប្រព្រឹត្តទៅ។ គម្រោងរដ្ឋធានីថ្មី Nusantara បានចាប់ផ្តើមការសាងសង់ កាលពីឆ្នាំ២០២២ ប៉ុន្តែហាក់ជួបប្រទះការលំបាក ក្នុងការទាក់ទាញវិនិយោគ ពីបរទេស ដែលអាចនឹងជួយពន្លឿនការសាងសង់។
គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៉ី កន្លងមកបានយល់ស្របថា ត្រឹម២០ភាគរយប៉ុណ្ណោះ នៃកញ្ចប់ថវិកាសរុបរបស់គម្រោង នឹងត្រូវយកលុយពីរដ្ឋទៅចំណាយ។ គម្រោងនេះ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសជាលើកដំបូង កាលពីខែកញ្ញា នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យចិន Delonix Group បានបោះទុនចំនួន៥០០ពាន់លានរូពីឥណ្ឌូណេស៉ី ឬស្មើនឹង៣១.៨០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារនិងការិយាល័យ៕