អាជ្ញាធរជាតិអប្សរា សហការចូលរួមជាមួយសមាគមសិល្បករខ្មែរ ក្នុងការរៀបចំកម្មវិធី ស្នាមញញឹមនៃកម្ពុជាលើកទី២ ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានសហការចូលរួមជាមួយសមាគមសិល្បករខ្មែរ ក្នុងការរៀបចំកម្មវិធី ស្នាមញញឹមនៃកម្ពុជា លើកទី២ ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានសំខាន់ៗទូទាំងប្រទេស។
ពិធីនេះនឹងរៀបចំនៅខាងមុខប្រាសាទអង្គរវត្ត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់កម្មវិធីនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នឹងមានការរៀបចំនូវសកម្មភាពមួយចំនួនដូចជា ពិធីបើកព្រឹត្តិការណ៍ ការតាំងពិព័រណ៍ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ស្នាដៃសិល្បៈខ្មែរ កម្មវិធីកម្សាន្តជាមួយចម្រៀង ប្រពៃណីខ្មែរ ពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រអង្គរ (នៅក្នុងបរិវេណប្រាសាទអង្គរវត្ត)។
ចំណែកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នឹងរៀបចំតាំងបង្ហាញពីពិព័រណ៍ម្ហូបអាហារខ្មែរ ការកម្សាន្តជាមួយនិងសិល្បៈ ចម្រៀងចម្រុះ ការប្រកួតទីងមោង។
ចំពោះភ្ញៀវជាតិ ដែលស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ និងភ្ញៀវទេសចរបរទេស ដែលចូលរួមនឹងទទួលបានការពិសាអាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ៕