អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានទូកង ចូលរួមប្រកួតប្រជែង ចំនួន៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូក និងមានកីឡាករ ចំណុះទូកប្រមាណជាង២ម៉ឺននាក់ និងប្រទីប ចំនួន ៣៥ប្រទីបខណៈ ឆ្នាំ២០២៣ មានចំនួនត្រឹមតែ២៩ប្រទីបប៉ុណ្ណោះ។
ឯកឧត្តមបានលើកឡើងថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់ស្អាត ជារឿងដែលយើងក្នុងនាមជាអាជ្ញាធរ ត្រូវតែធ្វើឲ្យបានល្អបំផុត។ ចំពោះកីឡាករចំណុះទូកង ទាំងជាង២ម៉ឺននាក់ ត្រូវស្នាក់នៅទីតាំងចំនួន២ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឬស្សីកែវ និងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វា ដើម្បីយើងងាយស្រួល ក្នុងការពារសន្តិសុខជូនពួកគាត់។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំ ដោយមិនឲ្យមានការលក់ដូរនៅលើបណ្តោយផ្លូវមួយចំនួន ដែលមានទីតាំងនៅក្នុងព្រះរាជពិធីនេះផងដែរ ជាមួយនឹងការពិនិត្យមើលឲ្យម៉ត់ចត់ ចំពោះការផ្ញើកង់ ម៉ូតូ ដោយអាជ្ញាធរខណ្ឌត្រូវតែម្ចាស់ការ ស្គាល់ និងដឹងច្បាស់ពីអត្តសញ្ញាណអ្នកទទួលផ្ញើ ជៀសវាង បាត់បង់ម៉ូតូបងប្អូនប្រជាពលរដ្ឋ គ្មានការទទួលខុសត្រូវ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏បានគិតគូរពីការរៀបចំបន្ទប់ទឹកឲ្យបានច្រើន ទីតាំងសំរាប់សង្គ្រោះ និងទីបញ្ជាការស្រាល ក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យ ការទប់ស្កាត់ ការលំហូរចរាចរណ៍ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់ ជនអាណាថា ចោរលូក ហោប៉ៅជាដើម។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចលនាប្រជាពលរដ្ឋ ពិសេស ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ខុនដូរ ត្រូវលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួនឱ្យបានផុលផុស និងស្រស់ស្អាត៕