លេខាទី១ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា អញ្ជើញចុះសិក្សាស្វែងយល់បន្ថែមពីប្រតិបត្តិការបោសសម្អាតមីននៅចម្ការ មីន នៅស្រុកគាស់ក្រឡ
ភ្នំពេញ៖ គណៈប្រតិភូស្ថានទូតជប៉ុន ដែលដឹកនាំដោយលោក អាបេ យ៉ូស៊ីហ៊ីរ៉ូ (ABE Yoshihiro) លេខាទី១នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា អមដំណើរដោយ ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអញ្ជើញចុះទៅដល់ចំការមីន ដើម្បីពិនិត្យមើលដោយជាក់ស្តែង និងសិក្សាស្វែងយល់បន្ថែមពីប្រតិបត្តិការបោសសម្អាតមីន ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
លោក ម៉ម វណ្ណារិទ្ធ អនុប្រធានកងឯកភាពកំចាត់មីនទី២ ទទួលបន្ទុកប្រតិបត្តិការ បានធ្វើបទបង្ហាញដោយបញ្ជាក់ថា៖ គោលបំណងនៃការធ្វើបទបង្ហាញនាថ្ងៃនេះ មានសកម្មភាព៣ គឺសកម្មភាពដោះមីន ទស្សនាការដោះមីន និងទស្សនាសកម្មភាពក្រុមការងារ ក្នុងគម្រោងគាំទ្រជំនួយសេដ្ឋកិច្ចសង្គម របស់ជនពិការដោយសារមីន និងជួបជាមួយជនពិការ អាជ្ញាធរ ដែលបានទទួលផលប្រយោជន៍ពីការដោះមីន និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសជប៉ុន និងប្រជាពលរដ្ឋជប៉ុន ដែលបានជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់ប្រទេសកម្ពុជា ជាពិសេសការផ្តល់ថវិកា និងឧបករណ៍ដោះមីនដល់ CMAC។
លោកអនុប្រធានកងឯកភាពកំចាត់មីនទី២បានមានប្រសាសន៍ដោយធ្វើការសង្ខេបខ្លីៗ អំពីស្ថានភាពទូទៅរបស់កងឯកភាពកំចាត់មីនទី២ មានបុគ្គលិកសរុបចំនួន ២០៩ នាក់ ក្នុងនោះស្រីចំនួន ៥៥នាក់,៣២ការិយាល័យ និងបុគ្គលិកវាលចំនួន ១៧៧នាក់ និងក្រុមជំនាញនៃការដោះមីនដោយដៃ ម៉ាស៊ីន និងឆ្កែ សកម្មភាពសំខាន់ៗ នៃសកម្មភាពមីន នៅក្នុងអង្គភាព គឺសកម្មភាពអប់រំអំពីហានិភ័យមីន UXO ការបោសសំអាតមីន ការអង្កេតសកម្មភាពមីន និងសកម្មភាពគាំទ្រសេដ្ឋកិច្ចសង្គម សម្រាប់ជនពិការដោយសារមីនក្នុងសហគមន៍។
បច្ចុប្បន្ននេះ កងឯកភាពកំចាត់មីនទី២ មានគម្រោងគាំទ្រថវិកាចំនួន ៥ ដូចជា៖ គម្រោង PIMV ទទួលបានមូលនិធិពីរដ្ឋាភិបាលជប៉ុន, គម្រោង MAG គឺជាគម្រោងសហការរវាង CMAC និង MAG – គម្រោង IMC គឺជាជំនួយឥតសំណងដល់ប្រជាជន និងអង្គការនានា ក្នុងប្រទេសជប៉ុន តាមរយៈ IMCCD in Battambang គម្រោង CMA គឺជាគម្រោង ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តទៀតថា ផ្ទៃដីចំការមីនសរុបចំនួន ១៥១.៣០៥ម៉ែត្រការ៉េ បោសសំអាតបាន ៦២.០០០ម៉ែត្រការ៉េ រកឃើញមីន (AP) ចំនួន២២ រកឃើញអំបែងចំនួន១៨៥០ដុំ រកឃើញគ្រប់មិនទាន់ផ្ទុះចំនួន ១២ ផ្ទៃដីនៅសល់ចំនួន៨៩.៣០៤ម៉ែត្រការ៉េ។
លោក អាបេ យ៉ូស៊ីហ៊ីរ៉ូ (ABE Yoshihiro) បានមានប្រសាសន៍សម្តែងនូវសេចក្តីរីករាយដោយបញ្ជាក់ថា ប្រទេសជប៉ុន និងប្រជាពលរដ្ឋជប៉ុន បានជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់ប្រទេសកម្ពុជា ក្នុងការធ្វើផ្លូវជាតិលេខ៥ ជាពិសេសផ្តល់ថវិកា និងឧបករណ៍ដោះមីនដល់ CMAC ដើម្បីការធ្វើបោសសម្អាតមីនយកដីជូនប្រជាពលរដ្ឋ ព្រមទាំងអភិវឌ្ឍន៍តំបន់នោះ មានហេដ្ឋារចនាសម្ព័ន្ធ ក្នុងការបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ប្រកបមុខរបរកសិកម្ម ដាំដំណាំរួមផ្សំ ស្តារសេដ្ឋកិច្ចគ្រួសារឱ្យប្រសើរឡើងថែមទៀត ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចំរើនជឿនលឿនថែមទៀត៕