បេសកជនពិសេស អ.ស.ប៖ ភាគីពាក់ព័ន្ធនៅក្នុងវិបត្តិសង្រ្គាមមីយ៉ាន់ម៉ា ត្រូវតែបញ្ចប់ «គំនិតចង់ឈ្នះចាញ់គ្នា»
ណៃពិដោរ៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) លោកស្រី ជូលី ប៊ីសប បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា និងបានជួបជាមួយប្រមុខរបបយោធារបស់ប្រទេស ដែលកំពុងយាយីដោយវិបត្តិមួយនេះ ខណៈលោកស្រីថ្លែងក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៩ ខែតុលាថា ភាគីពាក់ព័ន្ធនៅក្នុងវិបត្តិសង្រ្គាមមីយ៉ាន់ម៉ាត្រូវតែបញ្ចប់ «គំនិតចង់ឈ្នះចាញ់គ្នា» ដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃជម្លោះដ៏សោកនាដកម្មក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
លោកស្រី ប៊ីសប អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលត្រូវបានតែងតាំងឱ្យកាន់តួនាទី ដោះស្រាយជម្លោះមីយ៉ាន់ម៉ាកាលពីខែមេសា បានលើកឡើងថា ផ្លូវទៅរកការផ្សះផ្សា គឺតម្រូវឱ្យបញ្ចប់អំពើហិង្សា គណនេយ្យភាព និងការចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ាបាន សម្រាប់អង្គការសហប្រជាជាតិ និងក្រុមជំនួយ។ លោកស្រី ប៊ីសប បានលើកឡើងអំពីដំណើរទស្សនកិច្ចថា៖«ខ្ញុំបានទៅទស្សនកិច្ចនៅរដ្ឋធានីណៃពិដោរ ហើយបានជួបជាមួយលោក មីន អ៊ុងឡាំង។ ខ្ញុំមានគោលបំណងស្វែងយល់ពីទស្សនៈផ្សេងគ្នា ដែលបង្កឱ្យមានជម្លោះ ដូច្នេះ តាមរយៈតួនាទីរបស់ខ្ញុំ..ខ្ញុំអាចលើកទឹកចិត្តឱ្យមានការសម្របសម្រួលកាន់តែខ្លាំង ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងពិភពលោក ដើម្បីជួយសម្រួលដល់ដំណោះស្រាយដែលបានព្រមព្រៀងគ្នា»។ លោកស្រីបន្តថា៖«គ្រប់ភាគីពាក់ព័ន្ធក្នុងសង្គ្រាមមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់នូវភាពចង់ឈ្នះចង់ចាញ់»។
លើសពីនេះ លោកស្រី ក៏បានជួបជាមួយគណបក្សរបស់លោកស្រី ស៊ូជី រួមទាំងរដ្ឋាភិបាលរួបរួមជាតិស្រមោល កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចផងដែរ។ មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងជ្រោះវិបត្តិចាប់តាំងពីមេទ័ព មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារ និងចាប់ខ្លួនសមាជិករដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អង្គការសហប្រជាជាតិ បង្ហាញទិន្នន័យថា មនុស្សជាង៣លាន១សែននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារសង្គ្រាមស៊ីវិលដែលកើតឡើងរវាងរបបសឹក និងសម្ព័ន្ធភាព នៃក្រុមប្រដាប់អាវុធជនជាតិភាគតិច និងចលនាតស៊ូប្រដាប់អាវុធកើតចេញពីការបង្ក្រាបយ៉ាងបង្ហូរឈាមរបស់របបយោធា លើការតវ៉ាប្រឆាំងរដ្ឋប្រហារ។
ទន្ទឹមគ្នានេះ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងកាណាដា បានដាក់ទណ្ឌកម្មថ្មី លើរបបសឹកមីយ៉ាន់ម៉ា ជុំវិញលទ្ធភាពទទួលបានឧបករណ៍នានា និងថវិកា ខណៈសម្ព័ន្ធលោកសេរីទាំងនេះ ចាត់វិធានការរារាំងដល់សមត្ថភាពរបស់របបយោធា ក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសលើជនស៊ីវិល។ ជាក់ស្តែង រដ្ឋាភិបាលអង់គ្លេស បានអះអាងថា ដោយមានការសម្របសម្រួលជាមួយសហភាពអឺរ៉ុប និងកាណាដា ទណ្ឌកម្មហិរញ្ញវត្ថុ បានកំណត់គោលដៅអង្គភាពចំនួនប្រាំមួយ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ឥន្ធនៈអាកាសចរណ៍ដល់យោធាមីយ៉ាន់ម៉ា ឬការផ្គត់ផ្គង់ទំនិញហាមឃាត់ រួមទាំងគ្រឿងបន្លាស់យន្តហោះផងដែរ៕