សហភាពអឺរ៉ុប សម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនី ដែលផលិតដោយចិន ដល់ទៅ ៣៥,៣ភាគរយ
ប្រ៊ុចសែល៖ សហភាពអឺរ៉ុបកាលពីថ្ងៃទី២៩តុលា បានសម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនីដែលផលិតដោយចិនដល់ទៅ៣៥,៣ភាគរយ នៅចុងបញ្ចប់នៃការស៊ើបអង្កេតពាណិជ្ជកម្មខ្ពស់បំផុតរបស់ខ្លួន ដែលអាចជំរុញឱ្យមានការសងសឹកពីរដ្ឋធានីប៉េកាំង។
ត្រឹមតែជាងមួយឆ្នាំបន្ទាប់ពីការចាប់ផ្តើមស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន គណៈកម្មការអឺរ៉ុបនឹងកំណត់ពន្ធបន្ថែមចាប់ពី៧,៨ភាគរយសម្រាប់ក្រុមហ៊ុន Tesla ដល់៣៥,៣ភាគរយសម្រាប់ក្រុមហ៊ុន SAIC របស់ចិន ដែលលើសពីស្ដង់ដារសហភាពអឺរ៉ុប១០ភាគរយនៃពន្ធនាំចូលរថយន្ត។ ពន្ធបន្ថែមត្រូវបានអនុម័តជាផ្លូវការ និងបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ដែលមានន័យថា នឹងចូលជាធរមាននៅថ្ងៃពុធ។ គណៈកម្មការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បញ្ជាក់ថា ពន្ធគយត្រូវបានដាក់ដើម្បីប្រឆាំងនឹងការឧបត្ថម្ភធនមិនយុត្តិធម៌ រួមទាំងការផ្ដល់ហិរញ្ញប្បទានអនុគ្រោះ និងជំនួយ ក៏ដូចជាវត្ថុធាតុដើមក្នុងតម្លៃក្រោមទីផ្សារ។ សមត្ថភាពផលិតរថយន្តរបស់ប្រទេសចិនចំនួន៣លានគ្រឿងក្នុងមួយឆ្នាំ គឺធំជាងទីផ្សារសហភាពអឺរ៉ុបទ្វេដង។ យ៉ាងណា រថយន្តអគ្គិសនីនាំចេញពីរប្រឈមនឹងពន្ធខ្ពស់ ក្រោយសហរដ្ឋអាម៉េរិក និងកាណាដាបានដំឡើងពន្ធរហូតដល់១០០ភាគរយ ខណៈបច្ចុប្បន្នអឺរ៉ុបក៏ដំឡើងពន្ធដែរ។
ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងនៅថ្ងៃពុធនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនមិនយល់ព្រមជាមួយ ឬទទួលយកសេចក្តីសម្រេចនេះទេ។ ក្រសួងបានឱ្យដឹងថា៖«រដ្ឋធានីប៉េកាំងសង្ឃឹមថា នឹងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការបង្កើនការប៉ះទង្គិចពាណិជ្ជកម្ម»។ ទន្ទឹមនឹងនោះ សភាពាណិជ្ជកម្មចិនប្រចាំសហភាពអឺរ៉ុប បានលើកឡើងថា៖«ខ្លួនមានការខកចិត្តយ៉ាងខ្លាំង ចំពោះគោលនយោបាយគាំពារនិយម និងតាមអំពើចិត្តរបស់សហភាពអឺរ៉ុប ហើយមានការខកចិត្តចំពោះកង្វះវឌ្ឍនភាពច្រើនក្នុងការចរចាដើម្បីរកដំណោះស្រាយ»។
ជាការឆ្លើយតបចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប រដ្ឋធានីប៉េកាំងបានចាប់ផ្តើមស៊ើបអង្កេតផ្ទាល់ខ្លួននៅឆ្នាំនេះ ក្នុងការនាំចូលស្រាខ្លាំង ទឹកដោះគោ និងសាច់ជ្រូករបស់សហភាពអឺរ៉ុប ក្នុងការសងសឹកជាក់ស្តែង។ ចិនក៏បានជំទាស់នឹងវិធានការបណ្តោះអាសន្នរបស់ EU នៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបកំពុងប្រជែងជាមួយរំហូរនៃរថយន្តអគ្គិសនីដែលមានតម្លៃទាបពីគូប្រជែងរបស់ចិន។ គណៈកម្មការប៉ាន់ប្រមាណថា ចំណែករបស់ម៉ាកយីហោចិននៅក្នុងទីផ្សារសហភាពអឺរ៉ុប បានកើនឡើងដល់៨ភាគរយ ពីក្រោម១ភាគរយក្នុងឆ្នាំ២០១៩ ហើយអាចឡើងដល់១៥ភាគរយនៅឆ្នាំ២០២៥។ ជាធម្មតា តម្លៃរថយន្តចិន គឺទាបជាងម៉ូដែលផលិតនៅសហភាពអឺរ៉ុប២០ភាគរយ។ ជំហររបស់សហភាពអឺរ៉ុបចំពោះរដ្ឋធានីប៉េកាំង តឹងរឹងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
ប្លុកនេះចាត់ទុកប្រទេសចិន ជាដៃគូដ៏មានសក្តានុពលនៅវិស័យមួយចំនួន ប៉ុន្តែក៏ជាដៃគូប្រកួតប្រជែង និងជាគូប្រជែងជាប្រព័ន្ធ ប៉ុន្តែសមាជិកសហភាពអឺរ៉ុបមិនគាំទ្រលើការដំឡើងពន្ធលើរថយន្តអគ្គិសនីនោះទេ។ អាល្លឺម៉ង់ ជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប និងជាជម្រកសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗ បានជំទាស់នឹងការយកពន្ធនៅក្នុងការបោះឆ្នោតមួយក្នុងខែនេះ ដែលសមាជិកសហភាពអឺរ៉ុបចំនួន១០ បានគាំទ្រ, ៥បានបោះឆ្នោតប្រឆាំង និង១២អនុបវាទ៕