សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ត្រូវបានរដ្ឋសភាអនុម័ត
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ចំនួនពីរគឺ៖
(១). សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញតិ្តបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញតិ្តអង្គការសហប្រជាជាតិ ឬហៅកាត់ថា កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ ឆ្នាំ១៩៥៨។
(២). សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។
ជាលទ្ធផល សេចក្តីព្រាងច្បាប់ទាំងពីរត្រូវបានរដ្ឋសភាអនុម័ត ហើយគ្រោងនឹងដាក់បញ្ចូលក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភា នាពេលខាងមុខ ៕