ប្រធានាធិបតីចិន ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងបង្ហាញបំណងជំរុញការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ឱ្យទទួលសមិទ្ធផលថ្មីឥតឈប់ឈរ
ភ្នំពេញ៖ ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរប្រកបដោយភាព កក់ក្តៅដែលបានបង្ហាញពីមត្តិភាពចំពោះប្រទេសចិន និងឆន្ទៈពិត ប្រាកដក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន។
ប្រធានាធិបតីចិន ស៊ី ជិនពីង បានបង្ហាញអំពីបំណងចង់សហការជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងផ្តល់ការណែនាំដល់ស្ថាប័នពាក់ព័ន្ធនៃ ភាគីទាំងពីរ ក្នុងការអនុវត្តស្មារតីនៃកុងសង់ស៊ីសខាងលើ ជំរុញការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាទទួលសមិត្តផលថ្មីដោយឥតឈប់ឈរ។
នៅក្នុងលិខិតលោក ស៊ី ជិនពីង បានបញ្ជាក់ដូច្នេះថា៖
«សម្តេចប្រធាន៖
ក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិត ចិន សម្តេចប្រធានបានផ្ញើជូនលិខិតអបអរសាទរប្រកបដោយភាព កក់ក្តៅដែលបានបង្ហាញពីមត្តិភាពចំពោះប្រទេសចិន និងឆន្ទៈពិត ប្រាកដក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន របស់សម្តេច ប្រធាននិងគណបក្សប្រជាជនកម្ពុជា។
ក្នុងនាមគណបក្សនិងប្រជា ជនចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ចិននិងកម្ពុជាជាមិត្តដែកថែប និងសហគមន៍ជោគវាសនារួម។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំនិងសម្តេចប្រធានបានជួបពិភាក្សាការងារ ច្រើនលើក និងរក្សាការប្រាស្រ័យទាក់ទងគ្នាតាមរយៈទម្រង់ច្រើន បានកុងសង់ស៊ីសគ្នាសំខាន់មួយចំនួន ដែលបានជំរុញយ៉ាងខ្លាំងនូវ ការរីកចម្រើនទំនាក់ទំនងទ្វេភាគី។
ក្នុងស្ថានភាពថ្មី ខ្ញុំមានបំណងចង់សហការជាមួយសម្តេចប្រធាន ផ្តល់ការណែនាំដល់ស្ថាប័នពាក់ព័ន្ធនៃ ភាគីទាំងពីរ ក្នុងការអនុវត្តស្មារតីនៃកុងសង់ស៊ីសខាងលើ ជំរុញការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាទទួលសមិត្តផលថ្មីដោយ ឥតឈប់ឈរ។
សូមសម្តេចប្រធានទទួលនូវការជូនពរអំពីខ្ញុំ។ ស្វាគមន៍សម្តេច ប្រធានមកបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខដ៏ខ្លី»៕