ឧត្តមសេនីយ៍ឯក អុី សុខឃី ចាត់ទុកការចូលរួមរបស់ភ្នាក់សន្ដិសុខឯកជន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជារឿងសំខាន់ និងជំរុញឲ្យបន្ដកិច្ចសហការនេះ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានចាត់ទុកការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន ជាមួយកម្លាំងសមត្ថកិច្ចដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជារឿងសំខាន់ ចាំបាច់មិនអាចខ្វះបានឡើយ។
ក្នុងឱកាសអញ្ជើញជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៦៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានជំរុញឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ បន្ដលើកិច្ចការងារសហការជាមួយកម្លាំងសមត្ថកិច្ចឲ្យបានល្អប្រសើរបន្ថែមទៀត។
ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចាត់បញ្ជូនភ្នាក់ងាររបស់ខ្លួនដើម្បីសហការជាមួយកម្លាំងសមត្ថកិច្ច ចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នៅពេលខាងមុខនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានបន្ថែមទៀតថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបន្ដបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា វគ្គបំប៉នជំនាញនាពេលនេះក្នុងគោលបំណងឲ្យភ្នាក់ងារសន្តិសុខឯកជន មានវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ស្របតាមអនុក្រឹត្យ លេខ២៨៩ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីណែនាំ លេខ០៣៣ សណន របស់ក្រសួងមហាផ្ទៃ តម្រូវឲ្យភ្នាក់ងារសន្តិសុខឯកជន ទទួលការបណ្ដុះបណ្ដាលជាចាំបាច់។
តំណាងឲ្យ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានលើកទឹកចិត្តដល់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្តយកចិត្តទុកដាក់ និងជម្ជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ជាបន្តបន្ទាប់ទៀត។
ដោយឡែក ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។ ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៦៦លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន ១១,១៥៨នាក់ (ស្រី ២៤១នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន ២៦៣នាក់ (ស្រី ២៥នាក់)។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ដថា ការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការបង្កើនសមត្ថភាពដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលរួមចំណែក ក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានល្អប្រសើរ ៕