ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ ជាអគ្គស្នងការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល និងលោកស្នងការនគរបាលរាជធានី-ខេត្ត ទាំងអស់ជ្រាបថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយ ក្រសួងមហាផ្ទៃ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ ក្នុងគោលបំណងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ និងចូលរួមចំណែកលើការងារមនុស្សធម៌សម្រាប់ជួយដល់កុមារកំព្រា អង្គការមនុស្សចាស់ និងមន្ទីរពេទ្យគន្ធបុប្ផា។
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៥:០០ នាទីព្រឹក នៅទីរួមខេត្តបាត់ដំបង ដោយមាន៤ប្រភេទចម្ងាយដូចជា ៣គ.ម, ៥គ.ម, ១០គ.ម និង២១គ.ម។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក មេត្តាចាត់មន្ត្រីចំណុះអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែលក្នុងមួយអង្គភាពចំនួន ១០នាក់ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុងមួយស្នងការដ្ឋាន ចំនួន ១០នាក់ ដើម្បីចុះឈ្មោះ និង បង់ថ្លៃចូលរួមក្នុងព្រឹត្តិការណ៍នេះ តាមរយៈអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ (វ.ទោ សំណាង វីរៈបុត្រ Telegram: 081 747 422) ឲ្យបានមុនថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្គាល់៖ ចំពោះការធ្វើដំណើរ ហូកចុក ស្នាក់នៅ និងចុះឈ្មោះចូលរួមជាបន្ទុករបស់អង្គភាពសាមី។សូម ឯកឧត្តម លោកជំទាវ លោក មេត្តាជ្រាប និងចាត់ចែងតាមការគួរ៕