កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank
បរទេស៖ កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា បានវាយកម្ទេចការិយាល័យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅក្នុងជំរុំ Nur Shams ភាគខាងកើតនៃទីក្រុង Tulkarm ភាគខាងជើង West Bank។
លោក Nihad al-Shawish ប្រធានគណៈកម្មាធិការសេវាកម្មរបស់ជំរំ បានប្រាប់ស៊ីនហួថា គ្រឿងចក្ររបស់អ៊ីស្រាអែលបានកម្ទេចការិយាល័យរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) នៅកណ្តាលជំរំ។
លោកបានបន្តថា ជំរំនោះរួមមានសាលា UNRWA ចំនួនពីរ សាលាមួយសម្រាប់កុមារី និងមួយទៀតសម្រាប់កុមារា ដែលផ្តល់សេវាអប់រំដល់សិស្សជាង ១.៥០០នាក់។
លោកបានបន្ថែមថា ជំរុំនេះក៏មានមណ្ឌលសុខភាពដែលផ្តល់សេវាថែទាំសុខភាពបឋម រួមទាំងសេវាសុខភាពបន្តពូជ ការថែទាំទារក និងកុមារ ការចាក់វ៉ាក់សាំង និងការពិនិត្យសុខភាព និងគ្លីនិកធ្មេញ ដែលគ្រប់គ្រងដោយការិយាល័យ UNRWA។
រហូតមកដល់ពេលនេះ ភាគីអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះទេ។
កាលពីថ្ងៃចន្ទ សភាអ៊ីស្រាអែលបានអនុម័តច្បាប់ហាមឃាត់ UNRWA ពីប្រតិបត្តិការក្នុងប្រទេសអ៊ីស្រាអែល។